ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសស្រាលធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូនៅគ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអង្គារ៍ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលោបានឲ្យដឹងថា មុនដំបូងគេឃើញឈ្មោះ កើត ចក់ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ រួមដំណើរដោយកូនស្រីឈ្មោះ កើត ស្រីមុំ អាយុ ១៨ឆ្នាំ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A 3596 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ បានបត់ចូលផ្ទះ គ្រានោះស្រាប់តែមានយុវជន ២នាក់ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿង មកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាងរដូករណែលតែម្ដង។
ប្រភពព័ត៌មានបន្តថា យុវជនទាំងពីនាក់ទី១ ឈ្មោះ ហេង ថៃលី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ និងទី២រួមដំណើរឈ្មោះ ម៉ន រដ្ឋា អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង ២នាក់រស់នៅភូមិ.ឃុំតាលោ ម៉ូតូម៉ាក អុិចសុិនទ័រ ពណ៏ខ្មៅ គ្មានស្លាកលេខ ជនរងរបួសទាំងចំនួន ៤នាក់បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាលោ ២នាក់ ទៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ២នាក់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ដោយ បឹុម ពិន