ជិះម៉ូតូឌឺដងគ្នា​ជ្រុលទៅបុកគ្នាដួល​ ងើបឡើងមកវាយគ្នា​ បែកក្បាលម្នាក់​ ផ្អើលពេញមុខមន្ទីរពេទ្យ​រុស្សី ត្រូវសមត្ថកិច្ចអន្តរាគមន៍ឃាត់បានទាំងសងខាង

ចែករំលែក៖

       ភ្នំពេញ​ ៖ ក្មេងទំនើង៤នាក់ គ្រាន់តែមើលមុខគ្នា មិនបាន​ទេ​ ឌឺដងដាក់គ្នា ឈានដល់ជិះដេញវាយគ្នា យ៉ាង​អាណាធិបតេយ្យ​ ក៏ជ្រុលទៅបុកគ្នាបណ្ដាលឲ្យដួល​ទាំងសងខាង ហើយនៅតែវាយគ្នាទៀត បណ្ដាលឲ្យយុវជនម្នាក់បែកក្បាល​ តែត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង៤នាក់ រួចបញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍ភ្លាមៗតែម្ដង ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៨:០៥នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ២៧១ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខពេទ្យរុស្ស៊ី)។
      សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំង៤នាក់ខាងលើមានឈ្មោះដូចជា​ ៖ ភាគី(ក) ជិះម៉ូតូ Suzuki Nex ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1GP-4588​ ​ទី១.ឈ្មោះ​ ម៉េង​ ពៅ​ អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។ ទី២.ឈ្មោះ ណេ​ អាយុ១៦ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិព្រែកទាល់​ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​។ និងភាគី(ខ) ជិះម៉ូតូ​ Dream 2018 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1HB-8481 ​ទី១.ឈ្មោះ​ ពៅ​ សិលា អាយុ១៧ឆ្នាំ មានទីលំនៅ​ម្ដុំផ្សារឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។ ​ទី២.​ឈ្មោះ វី​ វឌ្ឍនា​ អាយុ១៥ឆ្នាំ មានទីលំនៅ​ម្ដុំបឹងត្របែក​ ខណ្ឌចំការមន​ ។
      សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើង២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki Nex កំពុងធ្វើដំណើរពីលិចទៅកើត​ ឌុបគ្នាក្នុងល្បឿនយ៉ាងលឿន​ មកពីក្រោយក្រុមក្មេងទំនើងមួយក្រុមទៀត មានគ្នា​២នាក់ដូចគ្នា​ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ Dream 2018 រួចជិះដេញវាគ្នាទៅវិញទៅមក តាមផ្លូវ២៧១​ រួចមើលមុខគ្នាលក្ខណៈឌឺដងចង់ចាញ់ចងឈ្នះ លុះមកដល់ចំណុចមុខពេទ្យរុស្ស៊ី ស្រាប់តែភាគីក្មេងទំនើងដែលជិះ Dream បានស្រែកថាភាគីក្មេងទំនើងជិះម៉ូតូ Nex ជា “ចោរៗ” ហើយក៏បុកគ្នាបណ្ដាលឲ្យដួលម៉ូតូទាំង២គ្រឿងតែម្ដង ហើយក្រុមក្មេងទំនើងដែលជិះម៉ូតូ Dream បានវាយទៅលើភាគីដែលជិះម៉ូតូ Nex បណ្ដាលឲ្យពកក្បាល​ ហើយភាគីដែលជិះម៉ូតូ Nex ក៏ស្ទុះទៅរើសមួក​សុវត្ថិភាព​ យកមកវាយទៅលើភាគីដែលជិះម៉ូតូ Dream វិញ​ បណ្ដាលឲ្យបែកក្បាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ។
     សាក្សីបន្ថែមទៀតថា​ ភ្លាមៗនោះ​គេឃើញកម្លាំងសមត្ថកិច្ចស្លៀកពាក់ស៊ីវិល​ ដែលនៅជិតនោះ ចេញជួយអន្តរាគមន៍ជួយឃាត់ខ្លួនបណ្ដោះអាសន្ននៅកន្លែងកើតហេតុតែម្ដង ហើយទាក់ទងប្រគល់អោយសមត្ថកិច្ចមូលដ្ឋាន​​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​២ ចុះមកកន្លែងកើតហេតុ​ ដើម្បីជួយសម្រួលចរាចរណ៍​ ដើម្បីកុំអោយមានការកកស្ទះ​ និងធ្វើការឃាត់ខ្លួន​ក្រុមក្មេងទំនើងទាំង៤នាក់នោះ យកទៅប៉ុស្តិ៍​ដើម្បីសាកសួរផងភ្លាមៗផងដែរ។
      ក្រោយពេលកើតហេតុ​ភាគីទាំងសងខាងយល់ព្រមសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូ Nex ជួយចេញថ្លៃលាង​របួសទៅអោយភាគីខាងម៉ូតូ Dream ដែលរងរបួសបែកក្បាល​ ចំនួន​ ៣០ដុល្លារ​ ដើម្បីបញ្ចប់រឿង​ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ និងបានធ្វើកិច្ចសន្យា អប់រំណែនាំ​ ហៅ​អាណាព្យាបាល​អោយមកយក​ ត្រលប់ទៅផ្ទះ​វិញរៀងៗខ្លួនផងដែរ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print