ឃ្លីបវីដីអូជាច្រើនដែលបានបង្ហោះតាមបណ្តាញសង្គមបង្ហាញឲ្យឃើញថា និស្សិត មហាវិទ្យាល័យ Kerch នៅតំបន់គ្រីមៀ ភ័យស្លន់ស្លោ រត់ចេញពីសាលា ក្រោយមានស្នូរកាំភ្លើង និងការផ្ទុះខ្លាំងជាច្រើន។
ហេតុការណ៍ខាងលើ បង្កឡើងដោយ និស្សិត វ័យ១៨ឆ្នាំម្នាក់បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ នៅក្នុងសាលា កាលពីថ្ងៃទី១៧ ខែតុលា ។ ជាមួយគ្នានោះ ក៏បានបំផ្ទុះគ្រាប់បែកបង្កៃជាច្រើនគ្រាប់ ដែលខ្លួនបានកែឆ្នៃ ។ ការវាយប្រហារខាងលើបណ្តាលឲ្យមនុស្ស ១៩នាក់ស្លាប់ និង១៥នាក់រងរបួស ភាគច្រើនជានិស្សិត ។ សាលាខាងលើ ជាទីកន្លែងដែលមានសិស្សអាយុចាប់ពី១៥ឆ្នាំដល់២០ឆ្នាំចូលរៀនតាមមុខជំនាញផ្សេងៗ។
ភ្លាមៗនោះ កម្លំាងប៉ូលិស ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ប៉ូលិសបានឲ្យដឹងថា ឧបករណ៍ផ្ទុះ ត្រូវបានបំផ្ទុះចេញពីអាហារដ្ឋាន នៅជាន់ទីមួយ នៃសាលា ។ ក្រុមអ្នកឯកទេសដោះមីន ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីរារាំង ការបំផ្ទុះផ្សេងៗទៀត ។ ពេលដំបូង កម្លាំង ប៉ូលិសបានបញ្ជាក់ថា ជាការវាយប្រហារភេរវកម្ម ប៉ុន្តែក្រោយមក ត្រូវបានសន្និដ្ឋានថា ជាការសម្លាប់រង្គាល ។
មានព័ត៌មានផ្សាយថា ជនដៃដល់លើសពីម្នាក់ ប៉ុន្តែនៅពេលនេះគេរកឃើញជនដៃដល់ទើបតែម្នាក់ប៉ុណ្ណោះ ។ ជនដៃដល់ត្រូវបានគេកំណត់អត្តសញ្ញាណ គឺមានឈ្មោះ Vladislav Roslvakov អាយុ១៨ឆ្នាំ ជានិស្សិតនៅក្នុងសាលានេះ បានធ្វើអត្តឃាតនៅលើជាន់ទីពីរនៃសាលា ។ ក្រុមអ្នកស្រាវជ្រាវ ក៏បានសន្និដ្ឋានថា មានជនដៃដល់ជាច្រើនអ្នកចូលរួម ហើយបានឡើងគម្រោងជាមុន។
កាលពីថ្ងៃទី៨ ខែកញ្ញា ជនដៃដល់ ទទួលបានការអនុញ្ញាតិ ផ្តល់លិខិតប្រើប្រាស់កាំភ្លើងស្របច្បាប់ ។ ជនដៃដល់បានទិញគ្រាប់កាំភ្លើងរហូតដល់១៥០គ្រាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការវាយប្រហារកើតឡើង ។
ជនដៃដល់ជាមនុស្ស ស្ងប់ស្ងាត់ មិនសូវ មានមិត្តភក្តិ ឪពុកម្តាយរបស់ជនដៃដល់ទើបតែលែងលះគ្នា មិនយូរប៉ុន្មាន ហើយ ជនដៃដល់រស់នៅជាមួយម្តាយ នៅផ្ទះ ឃុនដូ ជួល ។
ការវាយប្រហារ នៅសាលារៀន Kerch ត្រូវបានគេចាត់ទុកថា ជាការវាយប្រហារដំបូងបំផុត ចាប់តាំងពីឆ្នាំ២០១៤ មកទល់ពេលនេះ ។ ទីក្រុង Kerch ជាកន្លែងរងការបាញ់ប្រហារ នៅចម្ងាយពីស្ពានតភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ប្រមាណ១៩គីឡូម៉ែត្រ ទើបតែសម្ពោធ ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។
តំបន់គ្រីមៀ ជាទឹកដីរបស់អ៊ុយក្រែន ដែលអន្តរជាតិទទួលស្គាល់ ក្រោយមក ដោយសារតែវិបត្តិនយោបាយ អតីតប្រធានាធិបតី Viktor Yanukovych ត្រូវដកហូតតំណែង ហើយរត់ភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៤ ។ រដ្ឋាភិបាលទីក្រុងមូស្កូបាន ដាក់បញ្ចូលគ្រីមៀ នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជាចំណុចចាប់ផ្តើម បង្កឲ្យមានវិវាទ រវាងរុស្ស៊ី នឹងប្រទេសលោកខាងលិច ក្នុងនោះ មានការដាក់ទណ្ឌកម្មពី អីរ៉ឺប អាមេរិក ទៅលើរុស្ស៊ី រហូតមកទល់ពេលនេះ ៕ ម៉ែវ សាធី