ភ្នំពេញ៖ ក្រោយចូលរោងការជាបន្តបន្ទាប់ សិល្បករជាច្រើនបានសម្រេចចិត្តទទួលយកការបង្កកំណើតកូនភ្លាមៗ ដែលអ្នកខ្លះសមតាមបំណង ខណៈអ្នកខ្លះនៅមិនទាន់ដូចចិត្ត។ ក្នុងចំណោមសិល្បករទាំងអស់គេសង្កេតឃើញមានកូនស្រីតារាបីដួងបានចាប់ផ្តើមមានហាងឆេង ចេញរកលុយយ៉ាងក្រាស់ក្រែលឲ្យគ្រួសារ។
ជាក់ស្តែងកូនស្រីតំណក់ឈាមរួមគ្នារវាង លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ គឺនាងតូច ជា សុជាតិនារី ហៅ ដូរី បានជួយរកប្រាក់ឲ្យម្ដាយឪពុក តាំងពីនៅជាទារកក្នុងផ្ទៃ តាមរយៈការថតស្ប៉តពាណិជ្ជកម្មផលិតផលសម្រាប់ស្ត្រីមានផ្ទៃពោះ។ ក្រៅពីទទួលបានការស្រលាញ់ស្ទើលេបពីឪពុកម្តាយ ដូរី ត្រូវបានក្រុមគ្រួសារចាត់ទុកថា ជាកូនទ្រព្យ ព្រោះតាំងពីមានវត្តមានកូនស្រីរូបនេះមក គ្រួសារអ្នកនាង សុជាតិ និង លោក វិបុល កាន់តែរកស៊ីកាក់កប និងមានសុភមង្គល ។ ពេលនេះនាងតូច ដូរី ធំបន្តិចហើយ ហើយថ្មីៗនេះក៏ឃើញអ្នកនាងសុជាតិបង្ហាញក្នុងបណ្ដាញសង្គមថា ”ដូរីថតផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ។
បន្ទាប់គឺកូនស្រីតារាសម្តែង និងអ្នកជំនួញជោគជ័យ អ្នកនាង គង់ ច័ន្ទស្រីមុំ និង លោក គឹម សីហាមិនខុសគ្នាប៉ុន្មាន កូនស្រីរបស់តារាទាំងពីររូបនេះ ជួយរកប្រាក់ជូនម្ដាយឪពុកតាំងនៅក្នុងផ្ទៃ ដោយកាលនោះ ក្រុមហ៊ុនម្សៅទឹកដោះគោមួយ បានថតផ្សាយពាណិជ្ជកម្ម។ ពេលកូនស្រី គឹម សីហមរកត ចាប់កំណើតមក មានគេមកទាក់ទងទិញ Franchise ហាងរបស់ខ្លួនក្នុងទឹកប្រាក់ជាងរាប់ម៉ឺនដុល្លារ ធ្វើឲ្យប្តីប្រពន្ធពូកែលេងស្ទីលតែងខ្លួន ចាត់ទុកកូនជាទ្រព្យមានសំណាង។ លើសពីនេះ ពេលម៉ូម៉ូ អាយុបាន១ខែ ក៏ត្រូវបានក្រុមហ៊ុនហៅថតផ្សាយពាណិជ្ជកម្ម ផលិតផលសម្រាប់កុមារជាហូរហែរ។
ចុងក្រោយនេះគឺកូនស្រី របស់តារាសម្តែងកូនកាត់ឥណ្ឌា អ្នកនាង ប៊ីរីយ៉ា។ កូនស្រីនាង ឈ្មោះឡាប៊ីណា ដែលធ្លាប់ធ្វើ ធ្វើឲ្យទស្សនិកជនធ្លាប់ស្រឡាំងកាំងម្ដងរួចហើយ ដោយទើបវ័យ៣ឆ្នាំប៉ុណ្ណោះ អាចរកប្រាក់ពីការថតស្ប៉តពាណិជ្ជកម្មម្តងៗរាប់ពាន់ដុល្លារអាមេរិក។ អ្នកនាង ប៊ីរីយ៉ា និយាយថា នឹងនាំកូនស្រីប្រឡូកសិល្បៈ ព្រោះឃើញកូនស្រីមានដុងនេះស្រាប់ ជាមួយនឹងគម្រោងបើកផ្លូវលើវិស័យសិល្បៈនាងក៏ចង់ឲ្យកូនស្រីចាប់យកជំនាញសិល្បៈណាមួយដែលកូនចូលចិត្តនៅថ្ងៃអនាគតផងដែរ៕ ដោយ វឌ្ឍនា