ពលរដ្ឋជាង៥០គ្រួសារប្ដឹងឈ្មួញ កែម សុផាន់ ឈូសឆាយផ្លូវរទេះសាធារណៈធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារផ្ដិតមេដៃសុំប្ដឹងឈ្មោះ កែម សុផាន់ ហៅគ្រូ ឡុង ជាឈ្មួញអ្នកមានលុយថា បាន ឈូសឆាយផ្លូវរទេះសាធារណៈដែលមានតាំងពីបុរាណយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ។

ប្រជាពលរដ្ឋ ប្ដឹងទៅលោកអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃហើយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៨ តែមិនត្រូវបានលោកអភិបាលស្រុកជើងព្រៃដោះស្រាយឲ្យទេ ។ ដើមបណ្ដឹងឈ្មោះ ស្រៀង សៀងលី បានបញ្ជាក់ថា នៅថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០១៨ លោក យុន ឈុនលាង អភិបាលរងស្រុក គាត់ទូរស័ព្ទឲ្យខ្ញុំមកជួប។ ពេលបានជួបគាត់បានប្រាប់នាងខ្ញុំថា អែ្ហង ប្ដឹងនេះ តាមខ្ញុំយល់គ្រាន់តែចង់បានដីឡើងថ្លៃទេ មិនបាច់ប្ដឹងទេ វាឥតប្រយោជន៍ដោយ លោកអភិបាលរងស្រុកមិនបានចុះពិនិត្យ និងស្រាវជ្រាវអង្កេតដល់កន្លែងកើតហេតុឡើយ។

បើយោងតាមពាក្យប្ដឹងគោរពជូន លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាមអំពីដើមហេតុដូចជា កាលពី ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៨ ឈ្មោះ កែម សុផាន់ ហៅគ្រូ ឡុង បានយកគ្រឿងចក្រ មកជីកប្រឡាយកាត់ផ្លូវរទេះនេះ ។ ពេល នោះនាងខ្ញុំបានទៅប្ដឹងលោកមេភូមិ តាសែន គាត់ឆ្លើយថា គាត់បានរាយការណ៍ ទៅឃុំហើយនាងខ្ញុំក៏បានទៅប្ដឹងលោក មេឃុំ សូទិព្វ គាត់ក៏ឆ្លើយវិញថា ជួយមិន បានទេ ។ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៨ នាងខ្ញុំ បានទៅដាក់ពាក្យប្ដឹងទៅសាលាស្រុកជើងព្រៃ ។ ពេលល្ងាចថ្ងៃដដែល ឈ្មោះនេះបានបិទរបងលួសបន្លាថែមទៀត។

ក្នុងលិខិតបញ្ជាក់ដីធ្លី មេភូមិតាសែន បញ្ជាក់ថា ឈ្មោះហែល តុល ឆ្នាំកំណើត ថៃ្ងទី១២ ខែឧសភា ឆ្នាំ១៩៧៦ សញ្ជាតិខ្មែរ និងឈ្មោះ ហ៊ុយ ស្រៀង ឆ្នាំកំណើត ថៃ្ងទី៣ ខែសីហា ឆ្នាំ១៩៧៤ សញ្ជាតិខ្មែរ ត្រូវជាប្ដី ពិតជាប្រជាពលរដ្ឋរស់នៅក្នុងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ សព្វថ្ងៃ ពិតជាអ្នកកាន់កាប់ស្របច្បាប់លើដីចម្ការ ដែលមានព្រំប្រទល់ ខាងជើងទល់នឹង កែម សុផាន់ ខាងត្បូងទល់នឹង ហ៊យ ណាង ខាងកើតទល់នឹង ផ្លូវរទេះនិងខាងលិចទល់ នឹង កែម សុផាន់។

លោក យុន ឈុនលាង អភិបាលរង ស្រុកបានឲ្យដឹងថា បញ្ហានេះ ភាគីខាងជនជាប់ចោទយល់ព្រមសម្របសម្រួល ដោយព្រមធ្វើថ្មីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លង កាត់ទៅស្រែចម្ការ ហើយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៨នេះ អាជ្ញាធរខេត្តនឹងចុះមកដោះស្រាយជូន បើប្រជាពលរដ្ឋមិនព្រមទទួលយកតាមការសម្របសម្រួល នេះ មានតែផ្លូវដោះស្រាយគ្នាទៅតុលាការចុះ។ ចំណែកលោកមេភូមិតាសែន បានបញ្ជាក់ ផ្លូវរទេះសាធារណៈដែលមានតាំងពីបុរាណនេះ ពិតជា លោក កែម សុផាន់ ប្រើប្រាស់គ្រឿងចក្រឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប្រាកដមែន។

ក្រុមប្រជាពលរដ្ឋដើមបណ្ដឹងនៅតែ ទទូចទាមទារឲ្យបើកផ្លូវរទេះសាធារណៈចាស់នេះដដែលហើយមិនទទួលផ្លូវថ្មីនោះទេ ហើយដោយសារតែរឿងផ្លូវនេះត្រូវបាន គេប្ដឹងប្រជាពលរដ្ឋចាប់ដាក់គុកដោយ សារអាជ្ញាធរមូលដ្ឋាននិងលោកអភិបាលស្រុក ត្រូវរ៉ូវគ្នាជាមួយអ្នកមានអំណាចឃុបឃិតលក់ផ្លូវរទេះសាធារណៈដែលមានតាំង ពីបុរាណឲ្យទៅឈ្មួញមានលុយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print