ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប) សម្ពោធជាផ្លូវការព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ប៊ែលធី បានប្រារព្ធពិធីសូត្រមន្ត បើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប)ស្ថិតនៅផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកជំទាវ។
អគារប៊ែលធីទី១៩នេះ មានកម្ពស់ ៨ជាន់ ក្នុងនោះជាន់ក្រោមដី គឺជាចំណតនិងមានបន្ទប់សិក្សា ៧០បន្ទប់ ដែលមានសិស្សចុះឈ្មោះចូលរៀនប្រមាណ៦០០នាក់ និងមានកម្មវិធីសិក្សាធំៗចំនួន ៥ ដូចជា៖
១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)៣- កម្មវិធីគណនាលេខរហ័ស IMA
២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត) ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ
៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL & IELTS)
សាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៨ លើកម្មវិធីដែលមានស្រាប់ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ១-កម្មវិធីបង្កើនចំណេះដឹងទូទៅ ២-កម្មវិធីពង្រឹងស្មារតី ៣-កម្មវិធីទស្សនកិច្ចសិក្សា ៤-កម្មវិធីសិក្សាតាមទូរទស្សន៍ ៥-កម្មវិធីប្រឡងសំណេរ ៦-កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ៧-កម្មវិធីប្រកួតប្រជែងទេពកោសល្យ និង ៨-កម្មវិធីកីឡា។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៨ នេះ សិស្សប៊ែលធី ថ្នាក់ទី១២ បានបន្តរក្សាជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេស ៤ឆ្នាំជាប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងមានសិស្ស ៤២នាក់ ទទួលបាននិទ្ទេស A ហើយបានទទួលអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅសិក្សានៅសាកលវិទ្យាល័យដៃគូល្បីៗរបស់ប៊ែលធី នៅជុំវិញពិភពលោកដូចជាៈ សហរដ្ឋអាមេរិក កាណាដា ជប៉ុន សឹង្ហបុរី ចិន ថៃ ម៉ាឡេស៊ី ជាដើម។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិតទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិព្រមទាំងបានសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាខានីមួយៗ ដែលធ្វើឱ្យសិស្សានុសិស្ស ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត បានប្រកាសបើកឱ្យដំណើរការជាផ្លូវការសាលា ប៊ែលធី អន្តរជាតិទី១៩ (សាខាផ្សារព្រែកលៀប) ចាប់ពីថ្ងៃនេះតទៅ៕ ស រស្មី