ភ្នំពេញ ៖ រថយន្ដកូរ៉េប្រភេទ២តោនកន្លះ សង្ស័យដឹកលើសទម្ងន់ ឡើងលើស្ពានអាកាសក្បាលថ្នល់មិនរួច ក៏ដាច់ហ្រ្វាំងរអិលថយក្រោយ បណ្ដាលឲ្យបុករបាំងថ្មពុះចែកទ្រូងស្ពាន បណ្តាលបាក់អស់ចំនួន៥កង់។
ហេតុការណ៍នេះបានកើឡើងកាលពីម៉ោងជាង១១យប់ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅលើស្ពានអាកាសក្បាលថ្នល់ (ផ្លូវជាតិលេខ២) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តបង្កជាប្រភេទរថយន្ដកូរ៉េ ២តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0882 សង្ស័យដឹកលើសទំងន់ បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ឡើងលើស្ពានក្បាលថ្នល់បានពាក់កណ្ដាល ក៏ដាច់ហ្រ្វាំង រអិលថយក្រោយមកវិញ បណ្ដាលឲ្យបុករបាំងថ្មពុះចែកទ្រូងស្ពាន ចំពាក់កណ្ដាលបាក់អស់៥កង់ ។ ភ្លាមៗតៃកុងរថយន្ដ បានគេចខ្លួនបាត់ ហើយគ្រោះថ្នាក់នេះ មិនបង្ករបួសឬស្លាប់អ្នកណាម្នាក់ទេ ។
នេះអាចចាត់ទុកថាសំណាង ដោយសារតែវេលាយប់ជ្រៅ គ្មានយានយន្តអ្នកដទៃ ឬមនុស្សណាម្នាក់នៅពីក្រោយរថយន្តបង្ក ដែលអាចបង្កឱ្យមានអ្នករបួស ឬស្លាប់ជាក់ជាពុំខាន ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចរាចរយករថយន្ដបង្ករទៅរក្សាទុកខាងការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ដដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ