រថយន្ដមួយគ្រឿងជ្រុលចង្កូតបុករថយន្ដច្នៃនិងបន្ដទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរបួសធ្ងន់២នាក់និងស្រាល៣នាក់

ចែករំលែក៖

កណ្ដាល ៖ រថយន្ដម៉ាកតូយ៉ូតាវីហាយឡាក់វីហ្គោមួយគ្រឿងបើកដោយល្បឿនលឿនរេចង្កូតជ្រុលទៅបុករថយន្ដច្នៃមួយគ្រឿងពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដច្នៃខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត ធ្វើឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្ដបង្កម៉ាកតូយ៉ូតាហាយឡាក់វិហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2X-0177 បើកបរជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល រីឯរថយន្ដច្នៃ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វិត ភេទប្រុស អាយុ៣០ឆ្នាំ រួមដំណើរដោយឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ២១ឆ្នាំ ,ឈ្មោះ យិន នួន ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ អួង ដា ភេទប្រុស អាយុ៣៧ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិត្រពាំងវែង ឃុំជម្ពូវ័ន ស្រុកជុំគីរី ខេត្តកំពត ។ ដោយឡែកម៉ូតូជនរងគ្រោះដែលរថយន្ដច្នៃជ្រុលទៅបុកម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1D-5835  បើកបរដោយឈ្មោះ ប៊ូ ណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដច្នៃមួយគ្រឿងបើកតាមបណ្ដោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដហាយឡាក់វីហ្គោមួយគ្រឿងបើកក្នុងទិសដៅច្រាស់គ្នា ដោយល្បឿនលឿន ក៏បានរេចង្កូតមកឆ្វេងជ្រុលបុករថយន្ដច្នៃពេញមួយទំហឹង រីឯរថយន្ដច្នៃបានខ្ទាតទៅបុកម៉ូតូមួយគ្រឿងទៀត ខណៈកំពុងជិះស្របទិសគ្នាជាមួយនិងរថយន្ដច្នៃ បណ្ដាលឲ្យមនុស្ស២នាក់ទទួលរងរបួសធ្ងន់ និង៣នាក់ទៀតរងរបួសស្រាល រីឯអ្នកបើកបររថយន្ដហាយឡាក់វីហ្គោបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់២នាក់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកឯមធ្យោបាយពាក់ព័ន្ធត្រូវសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print