ខេត្តកណ្តាល: យុវជនម្នាក់បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃ សុក្រ ១១ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងទន្លេបាសាក់ ភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បន្ទាប់ពី អាវរបស់ជនរងគ្រោះរុំជាមួយម៉ាស៊ីនបណ្តាលឲ្យធ្លាក់មនុស្សនិងម៉ាស៊ីនទៅក្នុងទឹកជាមួយគ្នា។
មន្រ្តីនគរបាល ស្រុកស្អាងបានឲ្យដឹងថា សពយុវជនខាងលើមានឈ្មោះ ទូច ណាវីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស។
ប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកកាណូតទូកទៅរាយមងជាមួយប្អូនប្រុស ឈ្មោះ ទូច ដាវីត ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ។ពេលមកដល់ចំណុចភូមិឬស្សីស្រុក ក៏ចេញកាណូតទូកពីច្រាំងទន្លបានចម្ងាយប្រហែល៣០ម៉ែត្រ ស្រាប់តែអាវរបស់ជនរងគ្រោះរំជាមួយម៉ាស៊ីន ក៏ធ្លាក់មនុស្សនិងម៉ាស៊ីនទៅជាមួយគ្នាតែម្តង។ ខណៈនោះឈ្មោះ ទូច ដាវីត បានហែលចូលច្រាំងដើម្បីឲ្យអ្នកជិតខាងជួយបងប្រុសរបស់ខ្លួន ហើយក្រោយមកក្រុមគ្រួសារក៏បានជួលទូក បងប្អូនជនជាតអ៊ិស្លាមរាវរករយ:ពេលប្រហែល៣ម៉ោងទើបរកឃើញសពជនរងគ្រោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យឃើញសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ដោយលងទឹក ពិតមែន ក៏បានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ស្អាងជ័យ