ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនគរបាលខណ្ឌជ្រោយចង្វាដេញចាប់ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ផ្ទះលួចម៉ូតូ និងទ្រព្យសម្បត្តិមានតម្លៃ ហើយបានផ្ទុះអាវុធជាច្រើនគ្រាប់ ធ្វើឲ្យជនសង្ស័យភ័យបានលោតពីលើស្ពានព្រែកព្នៅទៅក្នុងទឹកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើស្ពានព្រែកព្នៅប៉ែកខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលបាឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មនេះមានឈ្មោះស៊ុន ប៊ុនធឿន អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ចំណែកម្ចាស់ម៉ូតូដែលត្រូវជនសង្ស័យគាស់ផ្ទះលួចយកម៉ូតូខាងលើមានឈ្មោះប៉ូ សុវណ្ណទី អាយុ២២ឆ្នាំ រស់នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបន្តឱ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើមានគ្នា៣នាក់បានគាស់ផ្ទះលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-7666 កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៥ នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។
ប្រភពបន្តថា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានការសហការជាមួយម្ចាស់ម៉ូតូបានមើលតាមរយៈGPS ឃើញថាជនសង្ស័យកំពុងបើកម៉ូតូនៅផ្លូវលេខ៥៩៨ ក៏បើកដេញតាម និងប្រកាសតាមវិទ្យុទាក់ទងទៅនគរបាលខណ្ឌឫស្សីកែវ និងជ្រោយចង្វា ឲ្យជួយស្ទាក់ចាប់ ភ្លាមនោះសមត្ថកិច្ចបានស្ទាក់រថយន្តឲ្យជួយបិទផ្លូវនៅលើស្ពានព្រែកព្នៅ ដើម្បីស្ទាក់ចាប់ជនសង្ស័យដែលកំពុងជិះម៉ូតូគេចខ្លួន ឆ្លងស្ពានទៅផ្លូវជាតិលេខ៦ ។ ខណ:ជនសង្ស័យបើកម៉ូតូឆ្លងផុតស្ពានព្រែកព្នៅ ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា នៅគល់ស្ពានប៉ែកខាងកើត ហើយជនសង្ស័យបានបើកម៉ូតូត្រឡប់ក្រោយឡើងស្ពានវិញ ។ ដោយមានការស្ទាក់ចាប់ទាំងសងខាងស្ពាន និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ ធ្វើឱ្យជនសង្ស័យបង្ខំចិត្តលោតចុះហែលទឹកគេចខ្លួន តែត្រូវកម្លាំងនគរបាលចេញទូកទៅឃាត់ខ្លួនបាន ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយពេលគាស់ផ្ទះលួចម៉ូតូបានហើយ ជនសង្ស័យយកម៉ូតូនោះទៅលាក់ទុកនៅម្តុំវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ តាមរយៈGPS បំពាក់ជាប់ម៉ូតូ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានស្រាវជ្រាវរុករកនៅម្តុំវត្តទួលសង្កែ អស់មួយព្រឹក ។
ចំពោះជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះធ្លាប់ជាប់ពន្ធនាគារ២លើក ក្រោយពេលឃាត់ខ្លួនជនសង្ស័យរូបនោះត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីសាកសួររួចប្រគល់ឱ្យនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ៕
ដោយ៖ ជ្រោយពេជ្រ