ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ឃាត់ខ្លួនខណៈដែលរូបគេបានជិះម៉ូតូ១គ្រឿងពាក់ស្លាកលេខមិនប្រក្រតីហើយសង្ស័យជាមុខសញ្ញាគាស់ផ្ទះយកម៉ូតូរបស់ប្រជាពលរដ្ឋកាលពីប៉ុន្មានថ្ងៃមុន។
ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីលោក សុខ សុខផលនាយប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថា ជនសង្ស័យមានឈ្មោះ សួស សុភា ភេទប្រុស អាយុ២៧ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មធ្យោបាយធ្វើដំណើរ ម៉ូតូសង់សេ ១២៥ សេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1BY-7942។
លោក នាយប៉ុស្តិ៍បានបន្តទៀតថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើ គឺកំលាំងល្បាតរបស់លោកបានល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសុវត្តិភាពជួនពលរដ្ឋ ក៏ប្រទះឃើញជននេះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរីឆ្នាំ២០១៥ពាក់ស្លាកលេខ ភ្នំពេញ 1BY.7942 ដោយស្លាកនោះមិនប្រក្រតីទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។
លោកបន្តថា នៅពេលដែលយកម៉ូតូយកមកពិនិត្យឃើញស្លាកលេខនេះដូចមិនភាគដែលពលរដ្ឋបានបាត់កាលពីថ្ងៃទី២៦ ខែវិច្ឆិក ហើយម្ចាស់គេបានដាក់ពាក់បណ្តឹងនោះហើយសង្ស័យថាជននេះជាមុខសញ្ញាចាស់គាស់ផ្ទះនោះក៍ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជួនបន្ត។ បច្ចុប្បន្ន ជនសង្ស័យកំពុងសួរនាំនៅប៉ុស្តិ៍ទឹកថ្លា និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ តុង សីហា