ភ្នំពេញ៖ នៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីកាប់ប្លន់យកម៉ូតូហុងដាឌ្រីមសេរី២០១៤ បានសម្រេច តែមិនបណ្ដាលឲ្យជនរងគ្រោះរងរបួសនោះទេ ។ ក្នុងករណីប្លន់ខាងលើនេះ ស្ថិតនៅចំណុចខាងជើងហាងលក់កាហ្វេ ស្រីអូន ប្រហែល២០០ម៉ែត្រ តាមផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះទាំងពីរនាក់ ទី១ឈ្មោះម៉ៅ និត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅម្ដុំ វិទ្យាល័យដង្កោ ស្ថិតក្នុងខណ្ឌដង្កោ និងទី២ ឈ្មោះនៅ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមការរៀបរាប់ពីជនរងគ្រោះឈ្មោះនៅ បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG.3937 បានចេញពីរោងកាហ្វេហើយបម្រុងជិះទៅផ្ទះ តែដល់ពាក់កណ្ដាលផ្លូវបានឈប់ម៉ូតូចុះបត់ជើងតូច និងនិយាយគ្នាលេងមួយភ្លែត ពេលនោះស្រាប់តែលេចមុខជនសង្ស័យពីរនាក់ដើរកាត់ពីមុខ រួចទៅហូសបន្តិច ក្រោយមកជនសង្ស័យទាំងពីរនាក់នោះក៏បានត្រលប់មកវិញនិងបានដកកាំបិតបុ័ងតោ ពីក្នុងអាវរៀបនឹងកាប់មកលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះទាំងពីរនាក់បានក្រឡែក ពេលនោះជនរងគ្រោះភ័យពេកក៏រត់ចេញពីម៉ូតូសំដៅទៅរកអ្នកជួយ ដោយទុកម៉ូតូនិងសោចោល។
ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះបានរត់ចេញពីម៉ូតូហើយជនសង្ស័យក៏បានបញ្ឆេះម៉ូតូជិះចេញទៅបាត់ស្រមោលតែម្ដង ទោះជាត្រូវជនរងគ្រោះហៅម៉ូតូឌុបជិះដេញតាមក៏ដោយក៏មិនទាន់ដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានដាក់ពាក្យបណ្ដឹងនៅទីស្នាកការដ្ឋានកងកម្លាំងប្រដាប់អាវុធហត្ថ ខណ្ឌដង្កោ ដើម្បីងាយស្រួលរកមុខសញ្ញា តាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន ៕
ដោយ៖ ភារ៉ា ដង្កោ