ភ្នំពេញ៖ សពបុរសម្នាក់ និងម៉ូតូមួយគ្រឿងត្រូវបានក្មេងៗអូសកំពឹងប្រទះឃើញនៅក្នុងប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរ នឹងកន្លែងកើតហេតុទាំងព្រឹក នៅវេលាម៉ោងប្រមាណជាង៩ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្នុងប្រឡាយទឹក ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ ក្នុងករណីនេះប្រជាពលរដ្ឋដាក់ការសង្ស័យថាជនរងគ្រោះជិះម៉ូតូ ក្នុងល្បឿនលឿន ជ្រុលចង្កូត ធ្លាក់ចូលប្រឡាយលង់ទឹកស្លាប់ ។
ជនរងគ្រោះដែលស្លាប់នៅក្នុងប្រឡាយទឹកនោះមានឈ្មោះប៉ែន រ័ត្ឋ អាយុ២៥ មុខរបរកម្មករសំណង ទីលំនៅក្នុងភូមិក្រាំងក្រួច សង្កាត់ទៀន ខណ្ឌដង្កោ និងមានប្រពន្ឋឈ្មោះឃន សុខចន្ទ មុខរបរកសិករ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថា មុនប្រទះឃើញសពជនរងគ្រោះ គឺនៅវេលាម៉ោង៩ ថ្ងៃកើតហេតុ មានក្មេងៗ៤នាក់បានទៅអូសកំពឹសនិងត្រីតូចៗនៅក្នុងប្រឡាយនោះ ពេលអូសដល់ចំណុចកើតហេតុក៏បានទាក់ជាមួយរបស់អ្វីមួយ ដែលពួកគេស្មានតែគល់ឈើ បន្ទាប់មកពួកគេក៏បានទៅរឿវប៉ះទើបដឹងថាជាម៉ូតូ សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X.4762 ក៏រត់ទៅប្រាប់ប្រជាពលរដ្ឋដែលនៅក្បែនោះនិងបានរាយការណ៍ដល់សមត្ថកិច្ច មកដល់កន្លែងកើតហេតុ ដោយបានស្រង់ម៉ូតូចេញ តែពេលដែលស្រង់ម៉ូតូនោះស្រាប់តែមានសពបុរសម្នាក់អណ្ដែតចេញមកតាមក្រោយ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារមកដល់កន្លែងកើតហេតុភ្លាមៗតែម្ដង។
បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនរងគ្រោះដែលស្លាប់នោះ ប្រហែលអាចស្លាប់ដោយសារជិះម៉ូតូក្នុងល្បឿនលឿនក៏បានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកម៉ូូតូសង្កត់លង់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានធ្វើកោសល្យវិច័យដោយឃើញថាសាកសពជនរងគ្រោះពិតជាលង់ស្លាប់ដោយម៉ូតូសង្កត់ពីលើប្រាកដមែន។ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកឯម៉ូតូក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារផងដែរ ៕
ដោយ៖ ភារ៉ា ដង្កោ