ពលរដ្ឋស្នើសុំស្នងការឡើងថ្មី បញ្ចេញថ្វីដៃ ខណៈអ៊ីនធើណត ២៤ម៉ោង ៥កន្លែងដ៏ធំ និងដុះស្លែរ បង្កប់ល្បែងស៊ី​សងនៅខណ្ឌចំការមនរីកដូចផ្សឹត

ចែករំលែក៖

ភ្នំពេញ៖ បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ ខណៈមន្ត្រីក្រោមឱវាទរបស់ខ្លួនមិនយកចិត្តទុកដាក់គោរពតាមបទបញ្ជា ថែមទាំងផ្គើនរក្សាទុកនូវទីតាំងអ៊ីនធើណត បង្កប់ល្បែងស៊ី​សងគ្រប់ប្រភេទមិនចុះបង្ក្រាបព្រោះខ្លាចបាត់លាភសក្ការៈចូលហោប៉ៅ ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹក និងដាក់បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់បណ្ដាខណ្ឌទាំង១២ឲ្យយកចិត្តទុកដាក់ទប់ស្កាប់ និងបង្ក្រាបឲ្យអស់នូវល្បែងស៊ី​សងគ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន តែផ្ទុយទៅវិញអាជ្ញាធរខណ្ឌចំកាមន ដែលមានលោក ព្រុំ សំខាន់ ជាអភិបាលខណ្ឌ បែរជារក្សាទុកទីតាំងបង្កប់ល្បែងស៊ី​សង ជ្រកក្រោមស្លាកយីហោ អ៊ីនធើណត ដែលបើកលេង២៤ម៉ោង លើ២៤ម៉ោងយ៉ាងរលូនទៅវិញ។

មានទីតាំងមួយដែលបានដកស្លាកយីហោចេញ ហើយបង្កប់នូវល្បែងស៊ី​សងទាំងនេះមាន. ទី១ តាមបណ្ដោយផ្លូវលេខ១៣៣កែង២៧៦ ជិតប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង២. ទី២ ទីតាំងដែលដាក់ស្លាកយីហោ VA អ៊ីនធើណត ក្រោយជិតគីរីរម្យ នៅតាមបណ្ដោយផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកង២ ទី៣ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែង១៦៣ទីតាំងដែលដាក់ស្លាកយីហោ 88 អ៊ីនធើណត ក្នុងសង្កាត់ ទួលស្វាយព្រៃ១ ទី៤ នៅតាមបណ្ដោយផ្លូវលេខ៤៧៤ទីតាំងដែលដាក់ស្លាកយីហោ PH អ៊ីនធើណត ក្នុងសង្កាត់បឹងត្របែក និងទី៥ ទីតាំងដែលដាក់ស្លាកយីហោ a28 អ៊ីនធើណតនៅតាមបណ្ដោយផ្លូវលេខ១៩៩ ក្នុងសង្កាត់ទំនប់ទឹក និងមានជាច្រើនកន្លែងទៀត។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលបើកលេងល្បែងស៊ី​សងខុសច្បាប់បានយ៉ាងរលូនបែបនេះ បើមិនមានការត្រូវរ៉ូវគ្នាពីអាជ្ញាធរ និងម្ចាស់ទីតាំងទេ គឺមិនអាចបើកលេងបានយ៉ាងយូរដូច្នេះទេ។

ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រើឥទ្ធិពលរបស់ខ្លួន ឲ្យមន្ត្រីក្រោមថ្នាក់ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងស៊ី​សងនេះផង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print