គន់ រៀមរតនៈ ជួយបុរសពិកាជើងនិងភ្នែកម្នាក់បានរទេះរុញដូចបំណង

ចែករំលែក៖

ខេត្តព្រៃវែង៖ ទោះបីជាមិនមែនជាតារាសម្តែងលេចធ្លោរ ឬមានជីវភាពធូរធាដូចតារាដទៃ ប៉ុន្តែទឹកចិត្តរបស់តារាសម្តែងគន់ រៀមរតនៈ បានស្វះស្វែងជួយដល់បុរសពិកាជើងម្នាក់ឲ្យទទួលបានរទេះរុញដូចក្តីបំណង។

ក្រោយការបង្ហោះវីដេអូខ្លីអំពីសភាពគួរឲ្យអាសូររបស់បុរសពិកាជើងម្នាក់ស៊ូធ្វើដំណើរដោយរទេះចាស់ទ្រុឌទ្រោមសើ្ទរទៅមុខលែងរួចនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង។ លោក គន់ រៀមរតនៈបានបញ្ជាក់ថាថ្ងៃកាន់បិណ្ឌកន្លងទៅលោកបានធ្វើដំណើរទៅកាន់ទឹកដីកំណើតស្ថិតនៅស្រុក ស៊ីធរកណ្តាល ខេត្ត ព្រៃវែង ទើបបានជួបពូម្នាក់ឈ្មោះខេន ដែលមានសភាពគួរឲ្យអាណិតគឺមិនត្រឹមតែខ្វិនជើង ពិកាភ្នែកទេគឺរទេះគាត់ទ្រុឌទ្រោមបរទៅមុខលែងចង់រួចទើបលោកសម្រេចចិត្តអំពាវនាសុំសប្បុរសជន។

លោកថាក្រោយការបង្ហោះនោះទើបលោក ធន ម៉េងហ៊ាង និងលោក លី មាត្រា បានសម្រេចចិត្តជួយដល់បុរសកម្សត់រូបនោះ ដោយយកទាំងអំណោយ ជារទេះថ្មី និងអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនជួយដល់បុរសនោះផងដែរកាលពីចុងសប្តាហ៍មុននេះ។ លោកបញ្ជាក់ដែរក្រៅពីបុរសនោះលោក និងសប្បុរសជនបានចែករំលែកថវិកាផ្ទាល់ខ្លួនជួយដល់ចាស់ៗមួយចំនួនក្នុងទឹកដីកំណើតដែលគ្មានទីពឹង គ្មានសាច់ញាតិ ដែលលោកយល់ថាគឺជាការធ្វើបុណ្យ និងចែករំលែកធនធាន លើកទឹកចិត្តសម្រាប់ពួកគាត់ដែលខ្វះខាតក្នុងជីវភាពពិតប្រាកដ។

លោក គន់ រៀមរតនៈ បញ្ជាក់ថា លោកពិតជារំភើបក្រោយពីបានធ្វើសកម្មភាពមនុស្សធម៌ជាមួយសប្បុរសជន ដែលលោកយល់ថាជាការចែករំលែកមួយផ្នែកតូចក្នុងការងារសង្គមបើទោះបីជាជនធានលោកមិនច្រើនដូចគេក្តី។ លោកថាគឺជាទឹកចិត្តដែលលោក និងសប្បុរសជនមាន ហើយលោករំពឹងថានឹងធ្វើឲ្យពួកគាត់សប្បាយចិត្តបន្តតស៊ូប្រឹងប្រែងរស់នៅទោះកើតមកអភ័ព្វមិនដូចជនដទៃក៏ដោយ។ ជាមួយគ្នានេះលោកក៏អរគុណដល់សប្បុរសជនដែលចំណាយទាំងថវិកាផ្ទាល់ខ្លួន ពេលវេលា កម្លាំងកាយចិត្តជួយដល់ទុរគតជនផងដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print