កាចម្ល៉េះប្អូន!! ខឹងគេមើលមុខ យកកាំបិតប៉័ងតោកាប់ធ្វើឲ្យយុវជនម្នាក់រងរបួស

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីយុវជនសង្ស័យទាំង២នាក់ជិះម៉ូតូឌុបគ្នាដើរលេង ខឹងគេមើលមុខក៏ទៅយកកាំបិតប៉័ងតោកាប់យុវជនដែលជាអ្នកមើលមុខ ខណៈកំពុងជិះម៉ូតូ បណ្ដាលឲ្យទទួលរងរបួសយ៉ាងដំណំ ។ ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យមាន២នាក់ ទី១-ឈ្មោះ ជួន ម៉ារីណូ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ មានទីលំនៅភូមិវត្តចាស ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (ឃាត់ខ្លួន) និងទី២-ឈ្មោះ ក្រិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (គេចខ្លួន) ។ ចំណែកជនរងគ្រោះឈ្មោះ អំ វន្ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ដោយឡែកវត្ថុតាងដកហូតបានមានកាំបិតប៉័ងតោចំនួន១ មានប្រវែង២១,៨សង់ទីម៉ែត្រ ដងឈើប្រវែង១៣សង់ទីម៉ែត្រ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ជួន ម៉ារីណូ បានជិះម៉ូតូទៅមើលគេអុំទូកនៅមាត់ទន្លេរក្នុងវត្ដចាស់ ខណៈទៅដល់ក៏បានជួបមិត្ដបក្ខពួករបស់ខ្លួននៅទីនោះផងដែរ ។

លុះមកដល់វេលាម៉ោង១៥រសៀល ថ្ងៃខែឆ្នាំដដែល ជនសង្ស័យជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយឌុបជនសង្ស័យម្នាក់ទៀតឈ្មោះ ក្រិត ខណៈនោះក៏ស្រាប់តែជនរងគ្រោះនិងបក្ខពួកបានមើលមុខជនសង្ស័យ ដោយជនសង្ស័យគិតថា ក្រុមជនរងគ្រោះមើលមុខឌឺ ជាហេតុធ្វើឲ្យខ្លួនខឹង ភ្លាមនោះក៏ជិះម៉ូតូទៅយកកាំបិតតោនៅផ្ទះ រួចឲ្យឈ្មោះ ក្រិតជាអ្នកឌុប ហើយជនសង្ស័យជិះពីក្រោយដោយកាន់កាំបិតនៅនឹងដៃឈប់រង់ចាំនៅក្លោងទ្វារវត្តចាស់ បន្ទាប់​មកជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូចេញមកក៏ជិះដេញតាមជនរងគ្រោះ លុះជិះមកដល់ចំណុចកើតហេតុក៏លាកាំបិតកាប់ទៅជនរងគ្រោះចំនួន១កាំបិតចំកផ្នែកក្រោយ បណ្ដាលឲ្យជនរងគ្រោះទទួលរងរបួសយ៉ាងដំណំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯជនសង្ស័យឈ្មោះ ជួន ម៉ារីណូ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួន សមត្ថកិច្ចធ្វើការស្រាវជរាវដើម្បីចាប់ខ្លួនផងដែរ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print