ខេត្តស្ទឹងត្រែង៖ ២នាក់ប្តីប្រពន្ធជិះម៉ូតូចេញពីវត្តស្រុកថាឡាបរិវ៉ាត់ ឆ្លងផ្លូវជាតិលេខ៩មិនបានប្រយ័ត្នត្រូវថយន្តបែនបើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់បានបុកពេញទំហឹងបណ្តាលឲ្យខ្ទាតធ្លាក់ផ្លូវប្តីបានស្លាប់ភ្លាមៗ និងប្រពន្ធបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
មន្ត្រីនគបាលអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា ជនរងគ្រោះត្រូវរថយន្តបុកស្លាប់ទាំង២នាក់ប្តីប្រពន្ធមានឈ្មោះសុខ ជូភេទប្រុស អាយុ៦៣ឆ្នាំ(ប្តី)មុខរបរជាប្រធានភូមិ និងប្រពន្ធឈ្មោះហឹម សឿន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្ពុង ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។
មន្ត្រីនគបាលអធិការស្រុកបានបន្តឲ្យដឹងទៀតថា ពីរអ្នកប្តីប្រពន្ធរស់នៅភូមិ-ឃុំខាងលើបានមកបំបួសឪពុកនៅវត្តថាឡា។ជនរងគ្រោះជិះម៉ូតូម៉ាកវ៉េវពណិ៍ខ្មៅគ្មានស្លាកលេខឌុបប្រពន្ធចេញពីផ្លូវលំពីកើតមកលិចឆ្លងផ្លវជាតិលេខ៩ ខណៈនោះក៏មានរថយន្តបែនពណិ៍សម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពាក់ស្លាកលេខ ព្រៃវែង 3A 0534 បើកបរពីត្បូងមកជើង ក្នុងល្បឿនលឿន(ចំណុចផ្លូវកោង) ខណៈម៉ូតូជិះឆ្លងផ្លូវបានបុកពេញទំហឹងមនុស្សឲ្យខ្ទាតធ្លាក់ផ្លូវ ប្តីផុងលលាដ៍ក្បាលស្លាប់ភ្លាមៗ ប្រពន្ធបាក់ជើងម្ខាងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្ត ។
លោកបន្តថា ម៉ូតូបានជាប់ក្រោមរថយន្តអូសប្រមាណ៥០ម៉ែត្រ ។ ម្ចាស់រថយន្តក្រោយកើតហេតុបានដាក់មេប្រូ៉ចរត់បាត់ស្រមោល ។
ក្រោយកើតហេតុមន្ត្រីនគរបាលអធិកាដ្ឋានស្រុកថាឡាបរិវ៉ាត់បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូមករក្សាទុក ដើម្បីបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកចាត់ការបន្ត ។
ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សាវុទ្ធ