ភ្នំពេញ៖ ជនសង្ស័យ០២នាក់ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃជនបរទេសយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិបរទេសបានសម្រេចហេីយព្យាយាមជិះរត់គេចខ្លួន ក៏ប្រទះជាមួយកម្លាំងល្បាតដេញតាមចាប់ជាប់តែម្តង ។
ករណីឃាត់ខ្លួនមុខសញ្ញាឆក់ខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី២៩ ខែវិច្ចិកា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៨កែងផ្លវលេខ៥១ ក្បែររង្វង់មូលវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង អហដូនពេញ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះទី១ ឈ្មោះ ឈុន ឌី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅម្ដុំទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមុខរបរជាងសំណង់; ទី២ឈ្មោះ ង៉ូវ ដានីន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្ដុំផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងមុខរបរមិនពិតប្រាកដ ។ចំណែកឯជនរងគ្រោះឈ្មោះ MARKKU SARANPAA ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិហ្វាងឡង់ ស្នាក់នៅសណ្ឋាគារ ELEVEN ផ្លូវ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រួមនិងវត្ថុតាងចាប់យកពីជនសង្ស័យមានៈម៉ូតូ០១គ្រឿងម៉ាក វីវ៉ា ពណ៏ក្រហម ស្លាកលេខ ភ្នំពេញ1FJ:0386-ទូរស័ព្ទ០១គ្រឿងម៉ាកសាំសុង ។
លោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង កងរាជអាវុធហត្ថដូនពេញ បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងតាមបណ្ដោយផ្លូវ១០៨ កំពុងនិយាយទូរស័ព្ទបណ្ដើរ ខណៈនោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ាសេ១២៥ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាក់លេខភ្នំពេញ ១FJ-០៣៨៦ ធ្វើដំណើរមកតាមក្រោយរួចជិះអែបក្បែរ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះកំពុងនិយាយ បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសរលាត់ជើងបន្តិច ហើយជនសង្ស័យបានព្យាយាមជិះគេចខ្លួន ពេលនោះកម្លាំងកងរាជអាវុធហ្ថតខណ្ឌកំពុងល្បាតនៅគោលដៅក្បែរក៏ប្រទះឃើញហេតុការណ៍នេះ បានបេីកដេញតាមជនសង្ស័យ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ រហូតដល់ចំនុចផ្លូវ១០៨កែង៥១ សង្កាត់វត្តភ្នំ ម៉ូតូរបស់ជនសង្ស័យក៏បានបុកជាមួយម៉ូតូរបស់ប្រជាពលរដ្ឋដែលធ្វើដំនើរតាមផ្លូវបណ្តាលឲ្យដួល ភ្លាមនោះក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាអ្នកបើកម៉ូតូ រីឯបក្ខពួកម្នាក់ទៀតដែលអង្គុយក្រោយបានរត់ថ្មើរជើងរហូតដល់ចំនុចវត្តភ្នំក៏ត្រូវបានកំលាំងឃាត់ខ្លួនបានតែម្តង ។
បច្ចប្បន្ន វត្ថុតាងនិងជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីកសាងសុំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ៕
ដោយ៖ ស ដារ៉ា