ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន ៣នាក់បានរងរបួសធ្ងន់យ៉ាងធ្ងរ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបរម៉ូតូបុកម៉ូតូ និងបុកគូថរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៥។
ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ ៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិស្រង់ធំ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ មានបុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I 1205 ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុឡើងបានជ្រុលបុករថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យដួលបោកផ្ទប់ទៅនឹងថ្នល់របួសធ្ងន់ ចំណែករថយន្តបន្តដំណើរទៅមុខគេចបាត់ សមត្តកិច្ចជួយសម្រួលបញ្ជូនជនរងគ្រោះទៅសង្រ្គោះ ។
ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញក៍បានឲ្យដឹងដែរថា នៅព្រលប់ថ្ងៃអាទិត្យ ៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៦.២១៧ ស្ថិតក្នុងភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ រវាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 2578 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានបុកជាមួយអ្នកជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 9541 ខណៈកំពុងបណ្ដើរបញ្រ្ចាសទិសគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ជនរងរបួសធ្ងន់ទាំងសងខាងត្រូវបានសមត្តកិច្ចជួយសម្រួលបញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងសមត្តកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន រងចាំធ្វើការវាស់វែង និងធ្វើកាដោះស្រាយគ្នាជាក្រោយ៕ ដោយ បឹុម ពិន