ភ្នំពេញ ៖ រឿង”បិសាចគំនូរ” របស់ផលិតកម្ម RED Picture ដែលលេចចេញភាពចម្រូងចម្រាស់ជាមួយរោងភាពយន្តមួយចំនួន ស្រាប់តែលេចចេញឈុតខ្លីៗនៅលើគេហទំព័រហ្វេសប៊ុក របស់រោងភាពយន្តលេជេន ។ លេចចេញនេះគឺជាសញ្ញាល្អដែលបញ្ជាក់ថារោងភាពយន្តទាំងអស់ក៏នឹងអាចចាក់បញ្ចាំងភាពយន្តខ្មែរមួយនេះតាមការកំណត់នាថ្ងៃទី០១ខែវិច្ឆិកាខាងមុខនេះ។
ដើមឡើយភាពយន្តរឿង”បិសាចគំនួរ” លេចចេញភាពរកាំរកូសជាមួយបណ្តារោងភាពយន្តដោយលេចចេញ ថារោងភាពយន្តចង់លើកពេលចាក់បញ្ចាំងភាពយន្តនេះ ដោយសារត្រូវចាក់បញ្ចាំងភាពយន្តថៃ បើទោះបីជាមានការព្រមព្រៀង និងយល់ព្រមគ្នាពីមុនរួចហើយក៏ដោយ។ ក្រោយផ្ទុះការរិះគន់ភាពយន្តនេះនឹងមានវត្តមានតាមការគ្រោងទុក។ វាអាចជាការកើតឡើងពីការសម្របសម្រួល និងយោគយល់គ្នារវាងផលិតកម្ម និងរោងភាពយន្តនានានោះ ។ ហើយភាពយន្តខ្នាតធំនេះអាចនឹងមានវត្តមានដំណាលគ្នាលើរោងភាពយន្តទំនើបទាំងអស់នៅកម្ពុជា ហើយក៏ជាក្តីសង្ឃឹមសម្រាប់សិល្បករ ផលិតករផលិតភាពយន្តនេះផងដែរ។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម RED Picture បាននៅឡើយទេ ប៉ុន្តែយោងតាមការបង្ហោះវីដេអូផ្សព្វផ្សាយខ្លី(Trailer) លើគេហទំព័រហ្វេសប៊ុករបស់រោងភាពយន្តលេជេន រយៈពេលជាង២នាទី ដែលបង្ហាញនៅថ្ងៃទី២៩ខែតុលានេះ បានបង្ហាញថាភាពយន្តរឿង”បិសាចគំនូរ”នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី០១ខែវិច្ឆិកានេះដដែលតាមការគ្រោងទុក។
គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថាភាពយន្តខ្នាតធំរឿង”បិសាចគំនូរ” របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួមដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង លោក ជា សុវណ្ណនរាហ៍ អ្នកនាង សុខ សោម៉ាវត្តី នាយ BIG ជាដើម។ សិល្បករ ផលិតករបានផ្ទុះប្រតិកម្មរឿងរោងភាពយន្តយកកុនបរទេសមកចាក់បញ្ចាំងទម្លាក់ កុនខ្មែរនោះ។ ប៉ុន្តែក្រោយផ្ទុះប្រតិកម្មគេបានឃើញវត្តមានភាពយន្តខ្មែរខាងលើអាចបន្តចាក់បញ្ចាំងតាមការគ្រោងទុក៕ ដោយ វឌ្ឍនា