ភ្នំពេញ៖ បុរសម្នាក់ប្រមូលខោអាវរបស់ប្រពន្ធយកមកដុតក្រោយពីខឹងប្រពន្ធស្ដីបទោសរឿងបាត់ស្បែកជើងចំនួន២គូរក្រោយមកត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួន បន្ទាប់ពីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅជិតខាង ។
ហេតុការណ៍នេះកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចខាងមុខបន្ទប់ផ្ទះជួលលេខ៤៩ ផ្លូវលេខ៩៧ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ សុខ ចយ ប្រុស អាយុ៣០ឆ្នាំ មុខរបរជាចុងភៅតាមហាងមួយកន្លែង និងមានប្រពន្ធឈ្មោះ ចាន់ សាអែម អាយុ៣៧ឆ្នាំ ជាបុគ្គលិកនៅក្នុងហាងបារាំងមួយកន្លែង ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។ ប្រភពពត៌មានបានបន្តទៀតថា មុនពេលកើតហេតុ ប្តីនិងប្រពន្ធបានឈ្លោះប្រកែកគ្នាក្នុងរឿងបាត់ស្បែកជើងចំនួន២គូ ហើយការជជែកគ្នាយ៉ាងតឹងសរសៃកដាក់គ្នាផងដែលទើបឈានទៅដល់ការប្រើអំពើហិង្សាលើប្រពន្ធក៏ធ្វើឱ្យប្រពន្ធទ្រាំលែងបានក៏បានដើរចាកចេញពីផ្ទះចោលប្តីទៅបាត់ទៅ ។
ក្រោយពីប្រពន្ធបានដើរចេញពីផ្ទះបានបន្តិច ប្តីក៏បានប្រមូលខោអាវរបស់ប្រពន្ធពីក្នុងផ្ទះយកមកដាក់គរនៅខាងមុខបន្ទប់របស់ខ្លួន កេះដែកកេះដុតបង្កជាអណ្តាតភ្លើងហើយបង្កការឱ្យការភ្ញាក់ផ្អើលទៅដល់អ្នកជិតខាង និងកម្លាំងអាជ្ញាធរមូលដ្ឋានបម្រុងហៅរថយន្តពន្លត់អគ្គិភ័យមកជួយធ្វើអន្តរាគមន៍ផងដែរ ដោយសារតែឃើញអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅដោយខ្លាចរាលដាលនិងឆេះផ្ទះអ្នកដទៃផងនោះ បុរសរូបនេះក៏រត់ទៅយកទឹកមកជះពន្លត់ដោយខ្លួនឯងវិញ។
ក្រោយកើតហេតុ បុរសជាជនបង្ក សមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួន យកមកសាកសួរបន្ទាប់មកដោយសារតែមិនមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិសារធារណៈ ឬអ្នកដទៃនោះ សមត្ថកិច្ចក៏បានធ្វើការអប់រំណែនិងណែងនាំ និងឱ្យធ្វើកិច្ចសន្យាកុំឱ្យមានជាលើកទី២ទៀត ៕
ដោយ៖ ស រស្មី