បង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

ចែករំលែក៖

ការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកានេះ ក្រោយក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនភាគតិចមូស្លីមមួយនេះ នៅតែបន្តកើតឡើងនោះ។
ជនភាគតិចរ៉ូហ៊ីងយ៉ាជាង៧២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីការចាត់វិធានការដ៏ឃោរឃៅពីក្រុមយោធាសហភាពមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ ដើម្បីបោះទីជម្រកបណ្តោះអាសន្ននៅតាមជំរុំមានមនុស្សច្រើនកុះករនៅក្នុងប្រទេសបង់ក្លាដែស និងធ្វើ ឲ្យពួកគេជួបរឿងរ៉ាវដ៏គួរឲ្យខ្លោចផ្សា ទាំងការចាប់រំលោភសេពសន្ធវៈ ឃាតកម្មយ៉ាងរង្គាល និងការដុតផ្ទះសម្បែងពួកគេពីសំណាក់កងទ័ពមីយ៉ាន់ម៉ា។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ក្រុមន្រ្ដីយោធាជាន់ខ្ពស់របស់សហភាពមីយ៉ាន់ម៉ា គួរតែត្រូវបានផ្តន្ទាទោសសម្រាប់អំពើប្រល័យពូជសាសន៍នៅក្នុងរដ្ឋរ៉ាឃីន ប៉ុន្តែប្រទេសមួយនេះ បានធ្វើការច្រានចោលទាំងស្រុង ដោយពួកគេនិយាយយ៉ាងទទូចថា ពួកគេគ្រាន់តែការពារខ្លួនឯងប្រឆាំងនឹងក្រុមជីវពលប្រដាប់អាវុធតែប៉ុណ្ណោះ។
សហភាពមីយ៉ាន់ម៉ា និងបង់ក្លាដែស បានប្រកាសផែនការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែដំណើរការនៃការបញ្ជូនជនមូស្លីមរ៉ូហ៊ីងយ៉ា ត្រឡប់មកវិញ បានប្រឈមនឹងឧបសគ្គភ្លាមៗ ហើយនិងមិនអាចចាប់ផ្តើមបានឡើង ខណៈដែលភាគីទាំង២ បានចោទគ្នាទៅវិញទៅមក ពីការពន្យាពេលទាំងនេះ។
ក្រុមសិទ្ធិមនុស្ស បានធ្វើការក្រើនរំឭកផងដែរថា ការធ្វើមាតុភូមិនិវត្តន៍ជនមូស្លីមរ៉ូហ៊ីងយ៉ា មកកាន់ប្រទេសមីយ៉ាន់ម៉ាវិញ នឹងត្រូវថ្កោលទោសពួកគេចំពោះការសងសឹកបន្ថែមទៀត។
ក្រុមអាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនគឺជាពុទ្ធសាសនិកនោះ បាននិយាយថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង១០០នាក់ បានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ពួកគេវិញ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ប៉ុន្តែបង់ក្លាដែស បាននិយាយថា ដំណើរការធ្វើមាតុភូមិនិវត្តន៍ផ្លូវការ មិនទាន់ចាប់ផ្តើមនៅឡើយនោះទេ។
លោកសាហ៊ីឌុល ហាកេ គឺជារដ្ឋមន្រ្តីការបរទេសបង់ក្លាដែស បាននិយាយក្រោយជំនួបនៅក្នុងទីក្រុងដាកា រវាងក្រុមមន្រ្តីមកពីប្រទេសទាំង២ថា ពួកយើងកំពុងទន្ទឹងរង់ចាំការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភាគតិចរ៉ូហ៊ីងយ៉ា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ លោក បាននិយាយថា វាគឺជាដំណាក់កាលដំបូង។
ដោយឡែក រដ្ឋមន្រ្តីអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពមីយ៉ាន់ម៉ា លោកមីន ធូ ដែលបានចូលរួមកិច្ចប្រជុំនេះ បាននិយាយថា ភាគីទាំង២ បានព្រមព្រៀងគ្នាលើផែនការជាក់លាក់បំផុត ដើម្បីចាប់ផ្តើមដំណើរការមួយនេះ នៅខែក្រោយ។
លោកធូ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងបានបង្ហាញពីឆន្ទៈនយោបាយ ភាពបត់បែនតាមកាលៈទេសៈ និងការផ្តល់កន្លែងស្នាក់អាស្រ័យរបស់ពួកយើង ដើម្បីចាប់ផ្តើមធ្វើមាតុភូមនិវត្តន៍នៅកាលបរិច្ឆេទឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបានសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print