ភ្នំពេញ៖ យ៉ាងហោចណាស់មានស្រ្តីវិកលចរិតម្នាក់រងរបួសធ្ងន់និងនារីជាអ្នកលក់បាយម្នាក់រងរបួសស្រាលដោយសាររថយន្ត១គ្រឿងបើកលឿនដល់ផ្លូវបត់បួងចង្កូតគេចពីមនុស្សដើរតាមផ្លូវធ្វើឲ្យជ្រុលទៅបុករះរទេះលក់បាយម្ហូបនិងរ៉ឺម៉កម៉ូតូ១គ្រឿងផ្អើលទាំងយប់ ។
ហេតការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៩ខែវិច្ឆិកា ត្រង់ច្រកចូលផ្សារសំណង់១២ តាមបណ្ដោយផ្លូវ២៦៥កែងនិងផ្លូវ១៨២ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោកដែលជាកន្លែងលក់ចំណីអាហាពេលយប់ ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក(រេហ្វ័រ) ពណ័ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២AE-047បើកបរដោយបុរស ម្នាក់មិនស្គាល់អត្តសញ្ញាណមា្នក់ធ្វើដំណើរតាមផ្លូវឧកញ៉ាទេព ផន ទិសដៅពីលិចទៅកើត ហើយបត់ស្ដាំតាមផ្លូវ២៦៥។ពេលនោះដោយសារតែម្ចាស់រថយន្តបួងចង្កូតខ្លាំងជ្រុលពេក ធ្វើឲ្យជ្រុលទៅបុកស្រ្តីម្នាក់ដែលមានជំងឺសរសៃប្រសាទ ដែលកំពុងតែដើរតាមចិញ្ចើមផ្លូវនោះ បណ្ដាលឲ្យដួលបាក់ជើងខាងស្ដាំ។ជាមួយនេះដែរទំនងជាអ្នកបើកបររថ យន្តភ័យស្លន់ស្លោពេកក៍ច្រឡំជាន់ហ្គារថែមស្មានថាជាហ្វ្រាំង ក៍ហោះទៅបុកតូបលក់បាយដែលកំពុងតែរើឥវ៉ាន់ត្រឡប់ទៅផ្ទះវិញ និងបុករះរទេះលក់បាយម្ហូបនិងបុករ៉ឺម៉កម៉ូតូ ចតនៅនិងចិញ្ចើមថ្នល់ បណ្ដាលអោយបែកស្តុបខាងក្រោយនិងចំចៅម្ចាស់តូបលក់បាយរងរបួសស្រាល ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្ក បានចេញមុខមកទទួលខុសត្រូវ នាំអ្នករងរបួសទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាលទាំងស្រុង។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើ ការវាស់វែងហើយបានយករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីធ្វើការដោះស្រាយជាមួយជនរងគ្រោះពេលក្រោយ ៕
ដោយ៖ ប្រាថ្នា