លួចទ្វារដែកក្នុងឃ្លាំងគេបានសម្រេចហើយ ជិះប្រុងគេចខ្លួនត្រូវកម្មករចេញមកទាន់ស្រែកចោរ ផ្អើលសមត្ថកិច្ចចាប់វៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលល្បាតខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង យកមកសួរនាំនៅប៉ុស្តិ៍ បន្ទាប់ពីជននោះធ្វើសកម្មភាពលួចទ្វារដែកក្នុងឃ្លាំងមួយកន្លែងបានហើយ ព្យាយាម​ជិះ​រត់គេច តែត្រូវកម្មករយាមឃ្លាំងចេញមកឃើញទាន់ ក៏ស្រែកចោរៗផ្អើលដល់សមត្ថកិច្ច  ។

ករណីចោរលួចខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៥៦ ត្រង់ចំណុចក្រោយសាលាបឋមសិក្សាទួលស្វាយព្រៃ សង្កាត់ទួលស្វាយព្រៃ២  ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សូ សាវុត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មានពីបុរសម្នាក់ជាកម្មករយាមឃ្លាំងកើតហេតុ បានឲ្យដឹងថា កន្លងមកឃ្លាំងនេះ ធ្លាប់បាត់ទ្វារម្ដងរួចមកហើយស្រាប់តែនៅយប់កើតហេតុ ខណៈកម្មករទាំងអស់កំពុងដេកលង់លក់ ក៏ឮសំឡេងរើទ្វារដែក ហើយរូបគាត់បានដាស់មិត្តភក្តិម្នាក់ទៀតឲ្យងើបឡើង និងនាំគ្នាចេញមកខាងក្រៅមើល ស្រាប់តែបាត់ទ្វារអស់ចំនួន៤ផ្ទាំង ហើយក៏រត់មកខាងក្រោយសាលាវិញ ក៏ឃើញជនសង្ស័យម្នាក់ កំពុងបើករ៉ឺម៉កកង់បីចេញ នឹងមានដឹកទ្វារដែកនៅលើរ៉ឺម៉កផងនោះ ពួកគាត់ក៏បានរត់ដេញតាមនិងស្រែកថាចោរៗ ។

គាប់ជួនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដែលកំពុងជិះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារប្រជាពលរដ្ឋបានឃើញ ជួយធ្វើអន្តរាគមន៍ដេញតាមរហូតដល់ផ្លូវលេខ៤៣០ ស្រាប់តែជនសង្ស័យរូបនោះ បានលោតចេញពីរ៉ឺម៉កកង់បីរត់តាមបណ្ដោយផ្លូវលេខ១៩៩ កែងនិងផ្លូវលេខ៤០៤ ទើបសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកស្ទាក់ចាប់បានតែម្ដង ។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងហើយ សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក បានប្រគល់ជនសង្ស័យឲ្យទៅខាងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ២វិញព្រោះជាម្ចាស់ករណីដើម្បីសាកសួរនិងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print