ភ្នំពេញ ៖ សាច់គោជាច្រើនបំណែក ត្រូវបានរាយពេញផ្លូវថ្នល់ និងមនុស្ស៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលពួកគាត់បាននាំគ្នាបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ យកទៅដាក់ឲ្យម៉ូយ ក៏ត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយទាំងកំរោល រួចរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចខាងមុខទីស្ដីការ គណៈរដ្ឋមន្ត្រី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីជនរងគ្រោះជាអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាច់គោ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 1E-2784 ដោយមានដឹកសាច់គោពេញរ៉ឺម៉ក និងមានកម្មករ២នាក់ទៀតអង្គុយនៅពីលើផងដែរ ។
ជនរងគ្រោះបន្តថា រូបគាត់បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទិសដៅ ពីកើតទៅលិច បំណងដឹកសាច់គោខាងលើទៅដាក់ឲ្យម៉ូយ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត មួយគ្រឿង (មិនចាំម៉ាក ) បើកស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន ក៏ជ្រុលមកបុកចំរ៉ឺម៉ករបស់គាត់ពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទាតប៉ើងសាច់គោ ធ្លាក់រាយពេញផ្លូវ ។
ចំណែកឯកម្មករ២នាក់ទៀត ខ្ទាតធ្លាក់ពីលើរ៉ឺម៉ក បណ្ដាលរបួសធ្ងន់ហូរឈាមពេញខ្លួន រីឯរូបគាត់វិញបានរងរបួសធ្ងន់គួរសមដែរ ។ ភ្លាមនោះរថយន្តបង្កមិនព្រមឈប់ ចុះមកដោះស្រាយនោះទេ បានបន្ថែមល្បឿន រត់គេចបាត់ស្រមោល ហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលជាអ្នកដំណើរ មកឃើញ ទើបរាយការណ៍ប្រាប់ សមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសធ្ងន់ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកកន្លែងកើតហេតុ បានឲ្យបុរសដែលជាអ្នកបើករ៉ឺម៉ករបួសធ្ងន់គួរសមនោះ ទាក់ទងហៅកម្មករផ្សេងទៀតដែលធ្វើការនៅកន្លែងជាមួយគ្នាមកជួយដឹករ៉ឺម៉ក និង ប្រមូលសាច់គោ ទាំងនោះ យកត្រឡប់ទៅកន្លែងវិញ ចំណែកឯរថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវរកតាមក្រោយ ៕ ស តារា
...