ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ សកម្មភាពដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី បានកក្រើកឡើងវិញ មានលក្ខណៈទ្រង់ទ្រាយធំ ដោយប្រើមធ្យោបាយដឹកជញ្ជូនដោយរថយន្តឡង់គ្រីស័រ រថយន្ត សាំយ៉ុង និងរថ យន្តកែច្នៃជាដើម ។ ក្នុងនោះ មានជាប្រភេទឈើ មុខកាត់ធំៗ កាត់ជាជ្រុងឡាំង នាំទៅប្រទេសវៀតណាមយ៉ាងគំហុក តាមច្រកអន្តរជាតិ និងច្រករបៀង ក្នុងស្រុកកែវសីមា ។
ជាក់ស្តែងនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឡានដឹកឈើ ប្រភេទសាំយ៉ុង បានដឹកឈើ ចេញពីចំណុចភូមិចក់ ចារ ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយឆ្លងកាត់ ស្នាក់ការ ខ្យូស ធ្វើអំពីដែក ដែលមានសមត្ថកិច្ច ចម្រុះរបស់ខេត្តឈរជើងនៅទីនោះតែម្តង នៅទល់មុខវត្តស្រែឈូក ដើម្បីដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រករបៀងផ្លូវ១១៧ ។
សកម្មភាពដឹកជញ្ជូនឈើដែលមានឱកាសដឹកឆ្លងកាត់ប៉ុស្តិ៍ចម្រុះរបស់ខេត្ត ដោយសារតែមានករណីរត់ការ ជាលក្ខណៈប្រព័ន្ធ ចែកទៅសមត្ថកិច្ចពាក់ព័ន្ធ មានអាជ្ញាធរ សមត្ថកិច្ចកម្លាំងប្រដាប់អាវុធ ជំនាញរដ្ឋបាលព្រៃឈើ និងខាងបរិស្ថាន ក្នុងនោះមានទាំងយោធាខាងព្រំដែន និងអាជ្ញាធរស្រុកកែវសីមាផងដែរ ។
គេបានបញ្ជាក់យ៉ាងលម្អិតផងដែរថា អ្នករត់ការមានឈ្មោះ រ៉ា ។ ដោយឡែក អ្នកដែលបើកផ្លូវឲ្យឈើនេះដំណើរការទៅវៀតណាមតាមផ្លូវ១១៧នេះ គឺមានឈ្មោះ សៀង ស៊ីណា និងឈ្មោះ ព្រំ សុវណ្ណ ហើយសមត្ថកិច្ចដែលឈរជើងនៅទីនោះ មិនត្រឹមតែបានទទួលកញ្ចប់ប៉ុណ្ណោះទេ ពួកគេថែមទាំងជួយចាំមើលផ្លូវ ចៀសវាងសមត្ថកិច្ចថ្នាក់លើ ឬបែកការណ៍ដល់អាជ្ញាធរខេត្ត ។
សកម្មភាពបទល្មើសព្រៃឈើដែលបន្តកើតមាន លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រងនូវការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីប៉ុន្មានសប្តាហ៍មុន នៅឯពិធីប្រជុំមួយ ក្នុងខេត្តបាត់ដំបង ក្នុងនោះសម្តេចបានបញ្ជាក់ថា បទល្មើសព្រៃ ឈើនៅខេត្តមណ្ឌលគិរី នៅតែមានការកើនឡើង ដោយគ្មានការបង្ក្រាបពីអាជ្ញាធរខេត្ត ដោយសម្តេចព្រមានធ្ងន់ៗ ថាករណីនេះ សម្តេចនឹងមានវិធានការប្រសិនបើខ្វះការទទួលក្នុងមូលដ្ឋាន ឬដែនដីសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា តែងតែបានប្រាប់ «អង្គភាពដ្រេហ្គន»ដឹងថា៖ លោកមិនអនុញ្ញាតឲ្យមានការនាំឈើទៅប្រទេសវៀតណាម នោះឡើយ ទោះតាមច្រករបៀង ឬច្រកអន្តរជាតិ ច្រកទ្វេភាគីណាមួយក៏ដោយ ក្នុងនោះលោកថែមទាំងព្រមានថា ប្រសិនបើសមត្ថកិច្ចរបស់លោកមានការអនុញ្ញាត ឲ្យមានការនាំឈើទៅប្រទេសវៀតណាម លោកនឹងមានវិធានការពីរចំណុច ទីមួយដកតួនាទី ទីពីរ ត្រូវតែអនុវត្តតាមនីតិវិធី គឺបញ្ជូនទៅគុកតែម្តង នេះគឺជាការហាមដាច់ខាត ដែលលោកតែងតែរំលឹកនៅក្នុងអង្គប្រជុំ ។
ទៅជាមានការលើកឡើងរបស់លោកស្នងការខេត្តមណ្ឌលគិរី ក៏ដូចជាគណៈអភិបាលខេត្តថា នឹងមានវិធានការបង្ក្រាបយ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាពបទល្មើសព្រៃឈើ ដឹកជញ្ជូនទៅប្រទេសវៀតណាម បានកក្រើកឡើងវិញក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ទៅតាមច្រកទ្វេភាគី និងតាមច្រករបៀង ហើយនៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មិនត្រឹមតែមានសកម្មភាពដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកកែវសីមា ទៅវៀតណាមតាមផ្លូវ១១៧ប៉ុណ្ណោះទេ ក្នុងនោះសូម្បីតែរថយន្តដឹកឈើប្រភេទធុនធំរបស់ឧកញ៉ា តុប វីដា ក៏បានក្រឡាប់ចេញឈើដ៏ព្រោងព្រាតនៅលើដងផ្លូវ ហើយសមត្ថកិច្ចក៏បានឃើញបទល្មើសនេះ ជាក់ស្តែងផងដែរកាលពីយប់ថ្ងៃដដែលនោះ ។
លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នៅតែបន្តអនុញ្ញាត ឲ្យមានបទល្មើសនេះ កើតឡើង នៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាល កំពុងរិតបន្តឹង ក្នុងនោះសូម្បីតែសម្តេចក្រឡា ហោម ស ខេង ក៏បានព្រមានផងដែរ ដូច្នេះសកម្មភាពទាំងអស់នេះ តើសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តដោយវិធីណា ឬមួយបានទទួលផលប្រយោជន៍ ទើបទាំងអាជ្ញាធរខេត្ត ក៏ដូចជាជំនាញពាក់ព័ន្ធ ហាក់បីដូចជាកន្ទេលធំបន្លំដេក …???៕ សុខ ខេមរា