អាមេរិកខឹងខ្លាំងណាស់ បន្ទាប់រុស្ស៊ីបានសម្រេចផ្តល់ជំនួយ សម្រាប់ទិញអាវុធដល់ប្រទេសគុយបា ក្នុងពេលដែលអាមេរិកបង្កើនទណ្ឌកម្ម ដល់ប្រទេសនេះ បើទោះបីមានការអំពាវនាវពីអន្តរជាតិឲ្យអាមេរិក លុបទណ្ឌកម្មសេដ្ឋកិច្ចដល់គុយបាក្តី។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ីរបស់មេដឹកនាំគុយបា លោកMiguel Diaz Canelកាលពីថ្ងៃទី២ ខែវិច្ឆិកា ទទួលបានការគាំទ្រនឹងផ្តល់ជំនួយ ជាទឹកប្រាក់៥០លានដុល្លារដើម្បីទិញ សម្ភារៈយោធាពីរុស្សី ។ តាមគម្រោងគុយបា នឹងទិញរថពាសដែក រថក្រោះ ឧទ្ធម្ភគចក្រ និងអាវុធធុនស្រាលពីប្រទេសរុស្ស៊ី ។
នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃទី២ ខែវិច្ឆិកា មេដឹកនាំគុយបា លោក Diaz Canelនិងប្រធានាធិបតីពូទីនបានចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ។
សារព័ត៌មាន Sputnik បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរួម មេដឹកនាំទាំងពីរ បានថ្កោលទោសដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីពីអាមេរិក ដោយសំអាងថា និងបង្កឲ្យមានអស្ថិរភាព។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់រុស្សី ក្រៅពីមេដឹកនាំគុយបាននៅមានប្រធានរដ្ឋសភា និងព្រឹទ្ធសភា ។ ជាមួយគ្នានោះមេដឹកនាំគុយបាបានអញ្ជើញប្រធានាធិបតីពូទីនទស្សនកិច្ច គុយបានៅឆ្នាំ២០១៩ខាងមុខនេះ ។
នេះជាលើកទីមួយហើយ ដែលមេដឹកនាំគុយបា លោក Diaz Canelបានបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី ក្នុងនាមជាប្រមុខដឹកនាំជាន់ខ្ពស់គុយបា។ មុនពេលទស្សនកិច្ចទៅកាន់រុស្ស៊ីលោកDiaz Canelក៏បានទស្សនកិច្ចក្រៅផ្លូវការទៅកាន់ប្រទេសបារាំង ដោយជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe ។
លោកDiaz Canelនឹងចាកចេញពីរុស្សីនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ដោយបន្តដំណើរទៅកាន់ប្រទេសចិន វៀតណាម ឡាវ និងកូរ៉េ ខាងជើង ។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំគុយបាកើតឡើងក្រោយពេលដែល អង្គការសហប្រជាជាតិបានចេញសេចក្តីសម្រេច ថ្កោលទោសអាមេរិក ដែលបានដាក់ទណ្ឌកម្ម សេដ្ឋកិច្ច ប្រទេសគុយបា ។ទទឹមនឹងនោះអង្គការសហប្រជាជាតិបានស្នើឲ្យអាមេរិក លុយទណ្ឌកម្ម និងកែប្រែ ខ្លឹមសារនៃការរិះគន់ថា គុយបានរំលោភសន្ធិមនុស្ស ៕ ម៉េវ សាធី