លិខិតមិត្តអ្នកអាន៖ ចោរឆក់ច្រើនណាស់​ភ្នំពេញយើងសព្វថ្ងៃ (Video Inside)

ចែករំលែក៖

នៅលើគេហទំព័រ ក៏ដូចជាបណ្តាញសារព័ត៌មាននានា ជារៀងរាល់ថ្ងៃ ហាក់ដូចជា​រន្ធត់ជាពន់ពេក ចំពោះព័ត៌មានស្តីអំពីការឆក់ ដែលបណ្តាលឲ្យជនរងគ្រោះ គ្រោះថ្នាក់ដល់អាយុជីវិត ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំហាក់ដូចជាព្រួយបារម្ភជាងគេ ក្នុងការធ្វើដំណើរ នៅក្នុងទីក្រុងភ្នំពេញម្តងៗ ។ នាងខ្ញុំព្យាយាម​មិនយកអ្វីតាមខ្លួន សូម្បីតែកាតាបទៅសាលារៀនរបស់កូន ។ សព្វថ្ងៃនេះ សូម្បីតែអ្នកលក់ត្រី ក៏ត្រូវចោរ​ឆក់​មិនមេត្តាដែរ ។ ពេលខ្លះ ចោរឆក់​ក៏ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់វាយស្ទើរស្លាប់ ស្ទើររស់ក៏មាន ។

មិនថាតែនៅកណ្តាលរាជធានីភ្នំពេញនោះទេ ដែលមានសកម្មភាពចោរឆក់រៀងរាល់ម៉ោងនោះ សូម្បីតែនៅជាយ​រាជធានី​ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក៏មានចោរឆក់ស្ទើររាល់ថ្ងៃដែរ ។ តាមបណ្តោយផ្លូវហាណូយ ក៏ដូចជាផ្លូវម៉ុងឫទ្ធី ក៏មានសេចក្តីរាយការណ៍​ស្តីអំពីករណី​ចោរឆក់នេះដែរ ។ មិនត្រឹមតែនាងខ្ញុំ ឬក៏ប្រជាពលរដ្ឋធម្មតា​នោះទេ ដែលខ្វល់ខ្វាយអំពីបញ្ហាចោរឆក់ ដែលកើនឡើងនៅក្នុងរាជធានីភ្នំពេញនេះទេ សូម្បីតែថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ក៏លាន់មាត់អំពីករណី ចោរឆក់កើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងរាជធានីភ្នំពេញនេះដែរ ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានសម្តែងសេចក្តីព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនេះមួយដែរ ។ លោកថា វាក្លាយទៅជាជំងឺរ៉ាំរ៉ៃ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ​នៅរាជធានីពេលធ្វើដំណើរ ។ លោកបានលើកយក​ហេតុការណ៍ចោរឆក់មួយនៅវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខសាលារៀនភាសាអង់គ្លេស​មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។ លោកបានស្នើថា «សមត្ថកិច្ច និងតុលាការ គួរស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពណាមួយ​បង្ក្រាបបទឱក្រិដ្ឋនេះ ។ មិនគួរបណ្តោយទេ» ។

យូរៗម្តងគេឃើញសមត្ថកិច្ចប្រដាប់អាវុធបង្ក្រាប​បាន​ពួកចោរឆក់នោះដែរ ប៉ុន្តែភាគច្រើនគឺបានដណ្តើមយក​ពីដៃ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ។ ប្រសិនបើសមត្ថកិច្ច​មិនដណ្តើមយក​ពួកចោរឆក់ពីដៃប្រជាពលរដ្ឋនោះទេ ពួកចោរឆក់ទាំង​នោះ​ត្រូវប្រឈមនឹងការវាយតប់​ពីហ្វូងប្រជាពលរដ្ឋ​ដែលពេលខ្លះអាចស្លាប់​ក៏មាន ។ កម្លាំងមានសមត្ថកិច្ច​ហាក់ដូចជា​មិនបាន​បង្ក្រាប​ក្រុមចោរឆក់ទាំងនោះ​ឲ្យពេញដៃ ពេញជើងនោះឡើយ ។ តាមការកត់សម្គាល់របស់នាងខ្ញុំ សព្វថ្ងៃនេះ ចំនួននៃការឆក់បង្កគ្រោះថ្នាក់​កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ករណីខ្លះ ជនរងគ្រោះ​មិនទៅប្តឹងសមត្ថកិច្ច ព្រោះតែមិនចង់រំខានសមត្ថកិច្ច និងខ្លះ​មិនសូវមានជំនឿ​ចំពោះកម្លាំងប្រដាប់អាវុធទៀតផង ។ សម្រាប់នាងខ្ញុំរំពឹងថា សមត្ថកិច្ច​នឹងប្រឹងពង្រឹងសន្តិសុខបន្ថែមទៀត ដើម្បីចូលរួមចំណែកកាត់បន្ថយសកម្មភាពនៃការឆក់​នេះ ៕ ប្រជាពលរដ្ឋម្នាក់

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print