ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
សន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូងស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តួចផ្តើមគំនិតរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ហ្សង់ ដេវិត ឡឺវីត ប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ កាលពីពេលកន្លងទៅ។ សន្និសីទនេះគឺធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីពាក់ព័ន្ធនៃប្រទេសបារាំង ប្រទេសតំបន់ទន្លេមេគង្គរួមមាន កម្ពុជា, ឡាវ, មីយ៉ាន់, ថៃ និងវៀតណាម រួមទាំងប្រទេសចិន និងអង្គការអន្តរជាតិចំនួន២០ផ្សេងទៀត។
សន្និសីទនេះធ្វើឡើង ដើម្បីរិះរកនូវយន្តការផ្សេងៗ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការចរាចរណ៍ឱសថក្លែងក្លាយ និងអន់គុណភាព ដែលជាបញ្ហាដ៏បារម្ភបំផុតមួយសម្រាប់ប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ទន្លេមេគង្គដទៃទៀត៕
ដោយ៖ សិលា