ជក់បារី ហើយចូលចាក់សាំង បណ្តាលឲ្យភ្លើងឆាបឆេះរាលដាល នៅមុខផ្សារលើ ខូចខាត​រថយន្ត៤គ្រឿង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅកន្លែងលក់សាំងច្រកដប និងប៊ិដុងនៅជិតបេនឡាន ចំណតរថយន្តខាងមុខផ្សារលើ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា នៅក្នុងហេតុការណ៍ឆាបឆេះខាងលើនេះ តាមការដកស្រង់សម្តីសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ដើមហេតុអគ្គិភ័យឆាបឆេះរោងលក់សាំងខាងលើ ដោយសារមានម៉ូតូរ៉ឺម៉កកង់៣មួយគ្រឿង ចូលទៅចាក់ប្រេងនៅកន្លែងលក់សាំង ឈ្មោះអ៊ី (ច្រឹប ) ហើយអ្នកបើកបរម៉ូតូជក់បារី ពេលកំពុងចាក់ប្រេងសាំង ក៏បណ្តាលឲ្យឆាបឆេះជាអគ្គិភ័យតែម្តង ។

មន្ត្រីនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងពីការខូចខាតទ្រព្យសម្បត្តិថា នៅក្នុងហេតុការណ៍ខាងលើនេះ បណ្តាលឲ្យរថយន្តចំនួន៤គ្រឿង ដែលមានភិនភាគរងការខូចខាតទាំងស្រុង៖ រថយន្តម៉ាកឡិចសុីសRX300ពាក់ស្លាកលេខភ្នំពេញ 2N.1610, រថយន្តម៉ាកឡិចសុីសRX300ពាក់ស្លាកលេខ 2P.4171, រថយន្តម៉ាកហាយឡែនឌ័រ០១គ្រឿងពាក់ស្លាកលេខ2Shn.0077 និង រថយន្តម៉ាកវីស្តុន០១គ្រឿង ។

ក្រៅពីនេះ នៅមានម៉ូតូរុឺម៉កកង់បីដែលជាម៉ូតូបង្កហេតុ០១គ្រឿង និងម៉ូតូ០២គ្រឿងផ្សេងទៀត ដែលចតនៅក្នុងអគារប្រៃសណី ត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង ជាមួយអគារទាំងរោងលក់ប្រេងសាំង ដែលមានស្តុកប្រេងសាំងនៅក្នុងប៊ិដុងជាច្រើនប៊ិដុង ក៏ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ ឬបាត់បង់អាយុជីវិតទេ ។

ប្រភពថា អគ្គិភ័យខាងលើនេះ បានរលត់ទៅវិញ ក្រោយរយៈពេលកើតហេតុ ជាងកន្លះម៉ោង បន្ទាប់ពីការជួយអន្តរាគមន៍ ពីសមត្ថកិច្ចពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះចម្រុះដោយបានប្រើប្រាស់ទឹកអស់ចំនួន១៤រថយន្ត ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅពេលកើតហេតុ ម្ចាស់ម៉ូតូបង្កហេតុ និងអ្នកលក់ប្រេងសាំង បានរត់គេចខ្លួនដោយសុត្ថិភាពហើយ ករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែម ដើម្បីបន្តនីតិវិធីឈានទៅដោះស្រាយតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានឃើញហេតុការណ៍ដ៏រន្ធត់ខាងលើ បានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធគួរតែលុបបំបាត់ការធ្វើអាជីវកម្មលក់ប្រេងសាំងច្រកដប ឬច្រកប៊ិដុង ដោយហេតុថា ការធ្វើអាជីវកម្មបែបនេះ ប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន និងប្រឈមហានិភ័យខ្ពស់ជាមួយអគ្គិភ័យ ដែលអាចឆក់យកទ្រព្យសម្បត្តិ អាយុជីវិតមនុស្សតែក្នុងមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print