ឆែកឆេរផ្ទះសំណាក់ និងខារ៉ាអូខេ១កន្លែង ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាង១០នាក់ដែលខ្លះជាស្រីខារ៉ាអូខេ និងភ្ញៀវស្ទាវៗ ត្រូវបានសមត្ថកិច្ចសម្រុកចូលឆែកឆេរក្នុងផ្ទះសំណាក់ និងបន្ទប់ខារ៉ាអូខេ១កន្លែង ឃាត់ខ្លួននាំមកពិនិត្យរកសារធាតុញៀន ។

ប្រតិបត្តិការនេះ បានធ្វើនៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះសំណាក់យីហោ ម៉ីម៉ី ស្ថិតក្នុងភូមិធម្មទ័យ ឃុំយុទ្ឋសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា មុនឈានដល់បើកប្រតិបត្តិការនេះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានទិញថ្នាំញៀនពីកូនប្រុសម្ចាស់ផ្ទះយីហោម៉ីម៉ី ហើយជិះម៉ូតូឌុបគ្នាចេញមកវិញ ដល់ផ្លូវលំ១កន្លែង ស្ថិតក្នុងភូមិព្រៃជុំ ឃុំយុទ្ឋសាមគ្គី ស្រុកឧដុង្គ។

ប្រភពដដែលបន្តថា ជនសង្ស័យទី១-ឈ្មោះ ឃឹម ឃុយ ភេទប្រុស អាយុ២៥ឆ្នាំ,ទី២-ឈ្មោះ ផន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ។ ពួកគេទាំង២នាក់ រស់នៅភូមិភ្លើងឆេះ ឃុំមានជ័យ ស្រុកឧដុង្គ ។ ពេលសមត្ថកិច្ច ឆែកឆេរដកហូតបានម្សៅក្រាមពណ៌ស សង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង ។ ក្រោយសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ថ្នាំញៀននេះ បានទិញពីឈ្មោះ សេម យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនប្រុសបង្កើតម្ចាស់ផ្ទះសំណាក់ និងខារ៉ាអូខេយីហោ មុីមុី។

ក្រោយទទួលបានចម្លើយសារភាពនេះ លោកអធិការ បានស្នើសុំយោបល់ពីលោក សម សាមួន ស្នងការនគរបាល ដើម្បីស្រាវជ្រាវរកមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវជាកូនម្ចាស់ផ្ទះខាងលើ។

សមត្ថកិច្ចបន្តថា នៅពេលសមត្ថកិច្ច ចុះឆែកឆេរ ជនសង្ស័យឈ្មោះសេម យ៉ា ជាមេក្លោងជួញដូរគ្រឿងញៀន បានរត់គេចខ្លួន តែសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១៤នាក់ នាំ មកពិនិត្យរកសារធាតុញៀនដោយក្នុងនោះមានស្រីខារ៉ាអូខេ៨នាក់ និងម្នាក់ទៀតជាថៅកែ។

នៅពេលពិនិត្យសារធាតុញៀន មនុស្ស៨នាក់ លទ្ធផលវិជ្ជមាន និង៦នាក់អវិជ្ជមាន ។ អ្នកមានសារធាតុញៀនទី១-ឈ្មោះនឿន ស្រីលក្ខណ ភេទស្រី អាយុ​២៦ឆ្នាំ,២.សុខ ពេញ ភេទស្រី​អាយុ​២៥ឆ្នាំ ៣.ឈ្មោះ ឈិត ដា ភេទស្រី អាយុ ៣០ឆ្នាំ ។ អ្នកទាំង០៣​ស្នាក់នៅផ្ទះឈ្មោះ​ សេម យ៉ា ខាងលើ ។ ៤.ឈ្មោះ វ័យ សុខណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ។ ៥.ឈ្មោះ ធួក សេង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។ ៦.ឈ្មោះ ផន មិថុនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ។ ៧.ឈ្មោះសៀន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ។ ៨.ឈ្មោះ ហៀង ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិស្វាយ ឃុំមានជ័យ ស្រុកឧដុង្គ។

ចំណែកនារីខារ៉ាអូខេ៥នាក់ និងស្រ្តីថៅកែផ្ទះសំណាក់ឈ្មោះ អៀម ច្រឹប ភេទស្រី អាយុ៤៨ឆ្នាំ មិនមានសារធាតុញៀនទេ ។ នៅពេលឆែកឆេរ សមត្ថកិច្ច ដកហូតបាន ម៉ូតូ០៤គ្រឿង និងទូរសព្ទ័០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យសរុប១០នាក់ និងថៅកែម្នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀនខេត្ត ចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print