ភ្នំពេញ ៖ សាកលវិទ្យាល័យន័រតុននាពេលថ្មី្ៗនេះ បានបិតខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីឲ្យបុគ្គលចំនួន៤រូប ជាបុគ្គលិកធ្វើការនៅទីនេះចូលខ្លួនមកដោះស្រាយជាមួយសាកលវិទ្យាធិការខណៈបុគ្គលទាំង៤នាក់នេះឆបោកលុយពីក្រុមនិស្សិតរបស់ខ្លួនប្រមាណជាង ១៣០ នាក់ដោយយកខិត្តប័ណ្ណ ដំណឹងអាហារូបករណ៍មកបោកប្រាស់យកលុយបង់ថ្លៃការសិក្សាឆ្នាំ២០១៨-២០១៩ ។
ប្រភពពីបុគ្គលិកសកលវិទ្យាល័យន័រតុន បានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់យកលុយនិស្សិតទាំងនោះមានចំនួន៤នាក់ទីឈ្មោះ ឡេង ម៉ាឡែន ជាសាស្រ្តាចារ្យ ផង បុគ្គលិកផ្នែកគណនេយ្យនិងហិរញ្ញវត្ថុផង ទី២ ឈ្មោះចំរើន ស្រីនាថ,និងទី៣ ឈ្មោះ ភី ស្រីវួច បុគ្គលិកផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ។ ចំណែកទី៤ឈ្មោះភឿក កោវិទ្ធ បុគ្គលិក ផ្នែកកំព្យូទ័រ។
បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ខាងលើបានឆបោកជារូបភាព បង្កើត«វិក្កយបត្រ និងហត្ថលេខាក្លែងក្លាយ ព្រមទាំងបានលួចកែប្រែប្រព័ន្ធ គ្រប់គ្រងទិន្នន័យ» របស់សាកលវិទ្យាល័យន័រតុន ដើម្បីបោកប្រាស់យកលុយពីសិស្សរបស់ខ្លួន សរុប ១៣៥ នាក់ ដែលបានបង់លុយសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩។
បើតាមការៀបរាប់ពីកញ្ញាម្នាក់រៀនឆ្នាំទី ៣ នៃមុខវិជ្ជាផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យន័រតុន និង ដែលបានបង់ប្រាក់តាមរយៈឈ្មោះ ចំរើន ស្រីនាថ ដែលជាបុគ្គលិកហាត់ការងារផ្នែកគណនេយ្យនៃការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុនៃសាកលវិទ្យាល័យនេះ បានខ្សឹបប្រាប់ថា៖ នាងបានបង់លុយតាមរយៈគាត់ នឹងទទួលបានការបញ្ចុះតម្លៃ ២០ ភាគរយ នៃតម្លៃបង់ពេញ ៤៨៥ ដុល្លារក្នុងមួយឆ្នាំ»។
កញ្ញា បានបន្តថា ក្រោយពេលបង់លុយតាមរយៈឈ្មោះ ចំរើន ស្រីនាថ រួចហើយ ស្រាប់តែ ខាងសាកលវិទ្យាល័យបានចេញព័ត៌មានមួយ ដោយមិនទទួលខុសត្រូវចំពោះការបង់លុយតាមរយៈពួកគាត់ទាំងបួននាក់នោះឡើយ ហើយ បានជំរុញឲ្យក្រុមនិស្សិត ដែលបង់លុយតាមរយៈពួកគាត់ទាំងបួននាក់នោះ ដាក់ពាក្យប្ដឹងតវ៉ាទាមទារលុយមកវិញ ដោយចាត់ទុកទង្វើរបស់ពួកគាត់ថាជា«អំពើល្មើសច្បាប់»។
នាង បានបញ្ជាក់ទៀតថា៖ «នៅពេលនេះ ពួកយើងខ្ញុំកំពុងរង់ចាំមើលចំណាត់ការរបស់សាកលវិទ្យាល័យ អំពីបញ្ហានេះ ប៉ុន្តែបើសាលាតម្រូវឲ្យពួកយើងបង់ថ្លៃសាលា១០០ភាគរយឡើងនោះ គឺពួកយើងមិនព្រមនោះទេ ហើយពួកយើងនឹងធ្វើការតវ៉ាបន្តទៀត»។ បើតាមស្ត្រីម្នាក់ជាអាជីករលក់ដូរបានបង្ហើបឲ្យដឹងថា ដើម្បីបង្គ្រប់បង់ថ្លៃសាលាឲ្យកូនស្រីក្នុងមួយឆ្នាំជាង ៤០០ ដុល្លារ គឺគាត់ចាំបាច់ត្រូវខ្ចីអ្នកជិតខាងបន្ថែម ព្រោះចំនួននេះវាច្រើនណាស់សម្រាប់អ្នកក្រីក្រដូចគាត់ ដូច្នេះការសិក្សារបស់កូនស្រីគាត់ត្រូវបន្តទៅមុខ ឬត្រូវបញ្ចប់ នៅពេលនេះ គឺ អាស្រ័យលើទំនួលខុសត្រូវរបស់សាកលវិទ្យាល័យ»។
យ៉ាងណាក្នុងករណិនេះ សាកលវិទ្យាល័យ ក៏បានអំពាវនាវ ដល់ក្រុមនិស្សិតរងគ្រោះទាំងនោះឲ្យប្រញាប់ប្រញាល់ទៅទារលុយដែលខ្លួនបង់តាមរយៈជនសង្ស័យខាងលើនេះ ត្រឡប់មកវិញ និង ដាក់ពាក្យបណ្ដឹងតវ៉ាទៅការិយាល័យរដ្ឋបាល និងបុគ្គលិក ដើម្បីឲ្យសាកលវិទ្យាល័យជួយដោះស្រាយ និងចាត់ចែងរៀបចំពាក្យបណ្ដឹងប្រឆាំងជនសង្ស័យទាំងបួននាក់ខាងលើនេះទៅតាមនីតិវិធីច្បាប់។
ខិត្តប័ណ្ណផ្សព្វផ្សាយព័ត៌មានដដែលនោះ បានគូសបញ្ជាក់ថា៖ «សាកលវិទ្យាល័យ មិនទទួលស្គាល់ និង មិនទទួលខុសត្រូវ ចំពោះការបង់ប្រាក់ដែលខុសពីការិយាល័យបេឡានោះឡើយ»។ ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យក្រុមនិស្សិតរងគ្រោះ និង អាណាព្យាបាលរបស់ពួកគេភាគច្រើនមិនសប្បាយចិត្តនោះទេ នឹងទាមទារឲ្យសាកលវិទ្យាល័យនេះត្រូវតែ ទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលបានកើតឡើង ដោយពួកគាត់អះអាងថា ជនសង្ស័យក្នុងការប្រព្រឹត្តបទល្មើសឆបោកខាងលើនេះ ជាសាស្ត្រាចារ្យ និង ជាបុគ្គលិក ដែលបម្រើ ការងារផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យន័រតុននេះ ។ រហូតមកដល់ពេលនេះសាលកវិទ្យាល័យនៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ គេកំពុងចាំមើលថាតើជនសង្ស័យទាំង៤នាក់ខាងលើនិងអាចគេចផុតពីសំណាញ់ច្បាប់បាន ដែរឬទេ?
ទាក់ទិននឹងព័ត៌មានខាងលើ ភ្នាក់ងារកាសែតនគរវត្តបានព្យាយាមទូរស័ព្ទទៅកាន់ថ្នាក់ដឹកនាំ សាកលវិទ្យាល័យន័រតុនកាលពីរសៀលថ្ងៃទី៧ខែវិច្ឆិកានេះ ដើម្បីសុំការបញ្ជាក់ពីបញ្ហានេះ តែទូរស័ព្ទចូលគ្មានអ្នកលើក ៕ ស តារា