ភ្នំពេញ៖ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ
ប្រសើរក្នុងឱកាសបុណ្យអ៊ុំ ទូក អកអំបុក បណ្តែតប្រទីព និងសំពះ ព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ កម្លាំងមានសមត្ថកិច្ចនឹងដាក់ពង្រាយកម្លាំងរហូតដល់ជាង១ម៉ឺននាក់ នៅតាមតំបន់A B និងC ក្នុងនោះកម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង៨ពាន់នាក់ ។
នេះបើយោងតាមផែនការ ការពារដែលលើក ឡើងដោយ
លោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ២០១៨នៅសាលារាជធានីភ្នំពេញក្រោម អធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ស ថេត ស្នងការរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១២និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់មួយចំនួនទៀត ។
លោក មានចាន់ យ៉ាដា បានឲ្យដឹងថា បុណ្យអ៊ំទូកឆ្នាំនេះនិងប្រើកម្លាំងសរុបចំនួន១២៧៥៤នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះសម្រាប់កម្លាំងរបស់ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់៨៦២៥ នាក់ ដោយឈជើង នៅតាមតំបន់សំខាន់ៗចំនួន ៣គឺ តំបន់A,B,C និងចែកជាគោលដៅតូចៗផងដែរ ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា៖ ស្ថានភាពទឹកទន្លេនៅឆ្នាំនេះទៀបជាងឆ្នាំទៅរហូតដល់១ម៉ែត្រ ហើយល្បឿនទឹកក៏ហូរយឺតជាងឆ្នាំទៅផងដែរ។ ដោយឡែកសម្រាប់ទូកង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះមានចំនួន២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ងត្រឹមតែ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន១៥ លើសពីឆ្នាំទៅផងដែរ។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ជាបញ្ហាចំបង ដែលអាជ្ញាធររាជធានីភ្នំពេញត្រូវយកចិត្ត ទុកដាក់ ដូច្នេះ លោកជម្រុញអោយអភិបាលខណ្ឌដូនពេញនិងខណ្ឌចំការមនត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ។
លោកបានបន្តថា ៖ បញ្ហាសណ្តាប់ធ្នាប់នេះ បើមនុស្ស ១០០នាក់ ធ្វើអោយប៉ះពាល់ផលប្រយោជន៍ មនុស្ស១លាននាក់ យើងត្រូវធ្វើដើម្បីប្រយោជន៍មនុស្ស១លាននាក់នោះហើយ។ចំណែក ការគ្រប់គ្រងអ្នកលក់ដូរ និងការបើកកន្លែងផ្ញើរម៉ូតូ លោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញអោយមានការពិនិត្យអោយបានម៉ត់ចត់ផងដែរ មិនអាចអោយមានការតំឡើងថ្លៃស្រេចតែចិត្តនោះទេ៕
ដោយ៖ សំរិត