ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនបុរស៣នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia ក្រោយពីពួកគេបាននាំគ្នាចូលទៅក្នុងផ្ទះវីឡាមួយកន្លែងដែលមានតម្លៃរហូតទៅដល់ចំនួនជាង១លានដុល្លារ ដើម្បីទាមទារលុយថ្លៃកុំមីស្យុងរបស់ពួកគេ តែត្រូវម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលទួលទំពូងទី២ ថាមានមនុស្សបានចូលក្នុង ផ្ទះគាត់ដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែងយកលុយទៀត ។
ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ៤៥ ផ្លូវលេខ៤៦៨ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះដែលទើបនឹងទិញពីគេ និងកំពុងតែឈរមើលការខុសត្រូវកម្មករធ្វើការបោសសំអាត ក៏បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលទួលទំពូងទី២ ស្រាប់មានបុរស៣នាក់ដែរជាក្រុមបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodia បាននាំគ្នាចូលក្នុង ផ្ទះវីឡាគាត់ដោយគ្មានការអនុញ្ញាតិ និងគំរាមកំហែងយកលុយកុំមីស្យុងរបស់ពួកគេពីគាត់ ហើយនិងម្នាក់ទៀតនៅឈរចាំខាងក្រៅរបងមុខផ្ទះផងដែរ ។
បើតាមសំដីរបស់បុរស៣នាក់ដែរជាក្រុមបុគ្គលិករបស់ក្រុមហ៊ុនអចលនទ្រព្យ Business Channel Cambodiaពួកគេបានបញ្ជាក់ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្នបាលទួលទំពូងទី២ ថា កាលពីពេលកន្លងមកនេះ ពួកគេធ្លាប់បាននាំម្ចាស់ផ្ទះដើររកមើលទិញផ្ទះចំនួន២ទៅ៣កន្លែងមកហើយរាប់ទាំងផ្ទះវីឡាមួយនេះផងដែរ រហូតដោយដាច់ទំនាក់ទំនងគ្នាមួយរយះក៏ស្រាប់ តែបានឃើញរូបគាត់បានទំនាក់ទំនងជាមួយនឹងម្ចាស់ និងទិញយកផ្ទះវីឡាមួយនេះដោយមិនអោយពួកខ្លួនដឹងក្រោយពីពួកគេបានស៊ើបដឹង និងស្គាល់ពីបុរសម្នាក់ដែលធ្លាប់ពឹងពាក់ពួកគេរកដើរទិញផ្ទះ និងលួចទិញផ្ទះដោយស្ងាត់ៗផងនោះទើបពួកគេមករកទារលុយថ្លៃកុំមីស្យុងផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី២បានធ្វើការឃាត់ខ្លួនបុរសទាំង៣នាក់ខាងលើយកទៅកាន់អធិការដ្នាននគរបាលខណ្ឌចំការមនដើម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕