អាមេរិកមិនទាន់អាចគ្រប់គ្រងភ្លើងឆេះព្រៃបានទេ ចំណែកអ្នកស្លាប់កើនឡើង៥៦នាក់បាត់ខ្លួន១០១នាក់

ចែករំលែក៖

ភ្លើងឆេះព្រៃបន្តឆាបឆេះនៅតំបន់ភាគខាងត្បូង និងភាគខាងជើង រដ្ឋកាលី ហ្វ័រនីញ៉ា បានឈានចូលដល់សប្តាហ៍ ទីពីរហើយ តែក្រុមពន្លត់អគ្គិភ័យមិនទាន់ អាច គ្រប់គ្រងស្ថានភាពបាននៅឡើយ ។ ចំណែការស្លាប់ដោយភ្លើងឆេះព្រៃបន្ត កើនឡើង រហូតដល់ ៥៦នាក់ហើយ និងមាន មនុស្ស ១០១នាក់ បាត់ខ្លួន។

កាលពីថ្ងៃទី១៤ខែវិច្ឆិកា ក្រុមជួយ សង្គ្រោះបានរកឃើញសាកសព៨នាក់ ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៥៦នាក់ ។ ផ្ទះ៧.៦០០ខ្នង ត្រូវភ្លើងឆេះ ខ្ទេច ហើយមកទល់ពេលនេះ មិនទាន់អាច គ្រប់គ្រងបាននៅឡើយ។

អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Jerry Brown បានបញ្ជាក់ថា ស្ថានភាពដូចនៅ ក្នុងសមរភូមិ អ្វីគ្រប់យ៉ាងបានកើតឡើងយ៉ាងឆាប់រហ័ស ហើយខ្ញុំក៏មិនដឹងត្រូវប្រើពាក្យអ្វីឲ្យសមទៅនឹងគ្រោះអាសន្នខាងលើដែរ។ លោកបន្តទៀតថា លោកទទួលបានទូរស័ព្ទពីប្រធានាធិបតីស្នើឲ្យផ្តល់ ជំនួយជាបន្ទាន់ដល់ពលរដ្ឋ។

ទីក្រុង ផារ៉ាដាយស៍ (Paradise) បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីភ្លើងឆេះព្រៃ Camp Fire ដែលបានរីករាលដាលឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយ ឥឡូវនេះវាត្រូវគេចាត់ទុកថា ជាភ្លើងឆេះព្រៃដែលបង្កការខូចខាតខ្លាំង និងសម្លាប់ មនុស្សច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តភ្លើងឆេះព្រៃរបស់រដ្ឋកាលីហ្វីរនីញ៉ា។ Camp Fire បានដុតបំផ្លាញផ្ទៃដី ទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់ គ្រងបានតែ ៣៥ភាគរយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ាក្បែរទីក្រុង ឡូសអាន់ជែឡេស (Los Angeles) ក៏មានការវាយប្រហារពីសំណាក់ភ្លើងឆេះព្រៃចំនួន២ផងដែរ គឺ Woolsey Fire និង Hill Fire។ Woolsey Fire បានផ្តាច់ជីវិតមនុស្ស២នាក់ និង បានបំផ្លាញផ្ទៃដីទំហំជិត ៤០,០០០ម៉ឺន ហិកតា ព្រមទាំងលំនៅឋាននិងសំណង់ អគារផ្សេងៗយ៉ាងតិច ៤៣៥ខ្នង ហើយវា កំពុងនៅតែបន្តឆាបឆេះដដែល។ ចំណែក Hill Fire បន្ទាប់ពីឆាបឆេះផ្ទៃដីជិត ២,០០០ ហិកតា និងបំផ្លាញសំណង់អគារមួយចំនួន តូច ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក វាត្រូវភ្នាក់ងារពន្លត់អគ្គិភ័យគ្រប់គ្រងបាន ៩០ភាគរយ។

គួរជម្រាបថា Camp Fire បានក្លាយជាភ្លើងឆេះព្រៃផ្តាច់ជីវិតមនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វ័រនីញ៉ា ខណៈកាលពីមុនគឺភ្លើងឆេះព្រៃឈ្មោះថា Griffith Park Fire បានសម្លាប់មនុស្ស ២៩ នាក់ កាលពីឆ្នាំ១៩៣៣។ សម្រាប់ភ្លើងឆេះព្រៃដែលសម្លាប់មនុស្សច្រើនបំផុតនៅសហរដ្ឋអាមេរិកទាំងមូលវិញនោះ គឺ Peshtigo Fire ដែលបានកើតឡើងកាល ពីថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Wisconsin ដែលមានមនុស្សបាត់បង់ជីវិតតិចបំផុតប្រហែល១,៥០០នាក់ និងច្រើន បំផុតរហូតដល់ ២,៥០០នាក់ ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print