ចៅហ្វាយខេត្តត្បូងឃ្មុំ គ្មានវិធានការ ទប់ស្កាត់ការហូរចូលកាកសំណល់ ដោយខុសច្បាប់យ៉ាងអនាធិបតេយ្យនៅច្រកទ្វេភាគីដូនរ័ត្ន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ យ៉ាងតិចមានកាកសំណល់ប្រមាណជាង១០០តោន ស្មើនឹង៣ឡានយីឌុប ត្រូវបានឈ្មួញនាំពីប្រទេសវៀតណាមចូលតាមច្រកទ្វេភាគីដូនរ័ត្ន ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយឈ្មួញវៀតណាម និងឈ្មួញខ្មែរយកឡានទៅផ្ទេរកាកសំណល់នេះ នៅមាត់ច្រកតែម្តង ។ 

លោកបណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្លាប់ជម្រាបជូន លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យគយ និងរដ្ឋាកររួចមកហើយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លើការពង្រឹង ការត្រួតពិនិត្យនិងការទប់ស្កាត់ការនាំចូលសំណល់បាស្ទីក និងកាកសំណល់ផ្សេងៗគ្រប់ប្រភេទ ។ ផ្ទុយទៅវិញ មួយរយៈនេះ ត្រូវបានគេរាយការណ៍មកថា ក្រុមហ៊ុន អិលប៊ីអិន គ្រុប ឯក បានលួចនាំចូល តាមច្រកដូនរ័ត្ន ដោយខុសច្បាប់ យ៉ាងអនាធិបតេយ្យ ពេលខ្លះក្នុងមួយយប់ មានពីររថយន្តយីឌុបទៅ៣រថយន្តយីឌុប ។ 

លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានអះអាងថា ក្រុមហ៊ុន អិលប៊ិអិន គ្រុប ឯក ទោះបីមានច្បាប់អនុញ្ញាត ឲ្យនាំចូលសំបកកំប៉ុងគ្រីប ចំនួន៣២០០តោនក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះ មិនអាចអនុញ្ញាតនាំចូលសំបកកំប៉ុកកាកសំណល់នេះបាននៅឡើយទេ ដោយសារក្រុមហ៊ុនមិនទាន់ មានលិខិតនិងកិច្ចសន្យាស្របច្បាប់ បញ្ជាទិញពីប្រទេសថៃនៅឡើយ ។ 

នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្របពេលដែលឈ្មួញវៀតណាម និងឈ្មួញខ្មែរផ្ទេរកាកសំណល់នៅច្រកដូនរ័ត្ន តាមទូរស័ព្ទប្រធានសាខារូបនេះ បានបញ្ជាមន្ត្រីរបស់ខ្លួនដឹកនាំដោយឈ្មោះ សិទ្ធ ចុះទៅបង្ក្រាប ប៉ុន្តែជាលទ្ធផលការបញ្ជារបស់លោកនូ ស៊ីថា បានត្រឹមតែឲ្យមន្ត្រីគយទាំងនោះ ទៅមើល និងបើកផ្លូវឲ្យឈ្មួញដឹកជញ្ជូនកាកសំណល់តែប៉ុណ្ណោះ ។ 

ក្រុមហ៊ុន អិលប៊ិអិន គ្រុប ឯក ក៏ត្រូវបានក្រសួងបរិស្ថាន ជាពិសេសនាយកដ្ឋានគ្រប់គ្រងសំណល់រឹង មិនអនុញ្ញាតឲ្យក្រុមហ៊ុនខាងលើនេះ នាំចូលកាកសំណល់ពីប្រទេសវៀតណាមបានជាដាច់ខាត ដោយសារតែក្រុមហ៊ុននេះ បានជំពាក់ឯកសារ លើលិខិតបញ្ជាទិញពីប្រទេសថៃ ក្នុងនោះខាងក្រសួងបរិស្ថានថែមទាំងបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនមិនទាន់មានលិខិតបញ្ជាទិញពីប្រទេសថៃ ហើយហ៊ានលួចនាំចូលកាកសំណល់ ខាងក្រសួងបរិស្ថាន នឹងត្រូវដកអាជ្ញាប័ណ្ណនេះជាបន្ទាន់ ប៉ុន្តែធាតុពិត ក្រុមហ៊ុន អ៊ិលប៊ីអិនគ្រុប ឯក បាននាំចូលកាកសំណល់មិនតិចជាង២ពាន់តោននោះទេមកទល់នឹងពេលនេះ ។ 

ពាក់ព័ន្ធនឹងការហូរចូលកាកសំណល់ខាងលើនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាពនគរដ្រេហ្គន ថា ក្រុមហ៊ុននេះមានច្បាប់ នាំចូលសំបកកកំប៉ុងគីបចំនួន៣២០០តោន ប៉ុន្តែលោកមិនបានដឹងថា ការនាំចូលនេះគឺជាអំពើខុសច្បាប់ ខណៈមិនទាន់លិខិតបញ្ជាទិញពីប្រទេសថៃ ហើយកំពុងតែបំពានទៅលើការហាមឃាត់របស់ក្រសួងបរិស្ថាននោះ ។ 

លោក ជាម ចាន់សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំដែលទើបឡើងកាន់តំណែងថ្មី ហាក់មានភាពធូរលុង ខ្វះការទទួលខុសត្រូវ អនុញ្ញាតឲ្យឈ្មួញដឹកជញ្ជូនកាកសំណល់ឆ្លងកាត់តាមច្រកក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងយ៉ាងអនាធិបតេយ្យ បំពានទៅនឹងការហាមឃាត់របស់ក្រសួងបរិស្ថាន ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត ។ គេកំពុងរង់ចាំមើលថា តើក្រសួងបរិស្ថាន ហ៊ានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន អិលប៊ិអិន គ្រុប ឯក ដែរឬទេ ដែលកំពុងដឹកជញ្ជូនដោយគ្មានលិខិតបញ្ជាទិញ ពីប្រទេសថៃ តាមការកំណត់របស់ក្រសួង? ពិសេស អាជ្ញាធរខេត្ត ក៏ដូចជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរតែពិនិត្យទៅលើទិដ្ឋភាពច្បាប់ តើមន្ត្រីរបស់ខ្លួនមួយណា ដែលកំពុងពាក់ព័ន្ធនឹងផលប្រយោជន៍ ឈានដល់ការអនុញ្ញាតឲ្យនាំចូលកាកសំណល់តាមច្រកដូនរ័ត្ន មានលក្ខណៈទ្រង់ទ្រាយធំបែបនេះ ៕ 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print