ខេត្តកំពង់ឆ្នាំង៖ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក នាក់ ដាង អនុរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសរបស់ក្រសួង ព្រមទាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងនៅ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ចុះពិនិត្យស្ថានភាពទឹក ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ ២០១៨ និងការងារបង្កបង្កើនផលស្រូវប្រាំង ២០១៨-២០១៩ នៅក្នុងខេត្តកំពង់ឆ្នាំង។
សម្រាប់ខេត្តកំពង់ឆ្នាំង ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា សម្រេចបានលើផ្ទៃដីចំនួន ១២១.៦០៧ ហិកតា គឺលើសផែនការប្រមាណជាង ១២.០០០ ហិកតា ក្នុងនោះ ច្រូតកាត់បានប្រមាណ ៥ %, ទុំស្លាបសេក និងឈានទៅច្រូតកាត់បណ្តើរៗ មានប្រមាណ ៧១% និងស្រូវធ្ងន់ ស្រូវចុងរដូវ មានប្រមាណ ២៤% កំពុងធ្វើខ្លួន និងចេញផ្កាជាបណ្តើរៗ មិនមានបញ្ហាខ្វះខាតទឹកទេ ។ ដោយឡែក ចំពោះស្រូវប្រាំងវិញ ខេត្តមានផែនការផលិតលើផ្ទៃដីចំនួន ២៩.៥០០ ហិកតា ដែលមកដល់ពេលនេះ ក៏អនុវត្តបានប្រមាណ ១០% ហើយដែរ។
ក្នុងដំណើរបេសកកម្មនោះ ក្រុមការងារ ក៏បានចុះពិនិត្យការអន្តរាគមន៍ បិទធ្នួសកាត់ស្ទឹងអូរឫស្សី ដើម្បីទប់បញ្ចាល់ទឹកស្ទឹងនេះ ទៅស្រោចស្រពដំណាំស្រូវ របស់កសិករ ប្រមាណ ១៨០ ហិកតា នៅក្នុងភូមិរការ ភូមិទួលធ្លក និងភូមិកាន់យ៉ូ ឃុំមេលំ ស្រុកបរិបូណ៍ ផងដែរ ។
សូមបញ្ជាក់ ថា ការអន្តរាគមន៍បិទធ្នួសដើម្បីទប់បញ្ចាល់ទឹកនេះ គឺជាវិធានការបណ្តោះអាសន្នប៉ុណ្ណោះ នាពេលខាងមុខ មន្ទីរនឹងធ្វើការសិក្សា ដើម្បីឈានទៅសាងសង់ នូវសំណង់រឹងមាំជាយុទ្ធសាស្ត្រមួយ សម្រាប់បំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាកសិករ៕
ដោយ៖ សហការី