ក្រុងប៉ោយប៉ែត ៖ ប្រភពព័ត៌មានឲ្យដឹងថា ព្រះសង្ឃមួយអង្គបានក្លាយជាឃាតក ខណៈបានធ្វើសកម្មភាពយកវត្ថុរឹងចាក់ស្ត្រីម្នាក់ហូរឈាមស្រេចពេញក្នុងរថយន្ត ហើយបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅតំបន់អូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅអំឡុងម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ក្រោយកើតហេតុពួកគាត់បានឮសំឡេងស្រ្តីម្នាក់ស្រែកឱ្យជួយ ក៏នាំគ្នាផ្អើលទៅមើលឃើញស្រ្តីម្នាក់ឈាមស្រោចពេញខ្លួន ខណៈឃើញដូច្នេះពួកគាត់បានសង្រ្គោះដោយដឹកយកទៅមន្ទីរពេទ្យ បង្អែកដីថ្មី២ ។
ប្រភពព័ត៌មានបឋមឲ្យដឹងថា ក្នុងអំពើចាក់សម្លាប់មនុស្ស សមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតបានចាប់ឃាត់ខ្លួនព្រះសង្ឃមួយអង្គ ដែលស្ថិតក្នុងការសង្ស័យជាឃាតកចាក់ស្ត្រីខាងលើនេះនាំមកអធិការដ្ឋាននគរបាលក្រុង ដើម្បី ស្រាវជ្រាវ និងចាត់ការតាមច្បាប់ ។
ព្រះសង្ឃដែលត្រូវនគរបាលឃាត់ខ្លួនមានព្រះនាម ឈ្មោះទន់ សាវន អាយុ៥២ឆ្នាំ សង្ឃអង្គនេះគង់នៅវត្តស្វាយចាស់ ក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ រីឯស្ត្រីរងគ្រោះមានឈ្មោះ សេង ផល្លា អាយុ៤៦ឆ្នាំ របួសធ្ងន់ ជាអាជីវករវេលុយវីង នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ពេលនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះក្នុងមន្ទីរពេទ្យមួយ នៅទីក្រុងបាងកកប្រទេសថៃ។
ចំពោះហេតុការណ៍ខាងលើនេះ មិនទាន់មានប្រភពអះអាងថា ផ្តើមឡើងពីមូលហេតុអ្វីនោះទេ ។ ប៉ុន្តែប្រជាពល រដ្ឋដាក់ការសង្ស័យថា អាចជារឿងប្រច័ណ្ឌ ៕ ស សម