ទីក្រុងវ៉ាស៊ីនតោន៖ សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិបានផ្សាយថា៖ តំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ស្ថិតនៅក្នុងក្រុមចារកិច្ចសភាអាមេរិក នឹងបើកការស្រាវជ្រាវ ក្រោយពេលលោកត្រាំ ឈប់ដេញដោល ការស្លាប់របស់អ្នកសារព័ត៌មាន Jamal Khashoggi ។
លោក Adam Schiff តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ បានឲ្យដឹងថា ៖គណកម្មការនឹងវាយតម្លៃ ពីការសម្លាប់អ្នកសារព័ត៌មានក៏ដូចជា បញ្ហាសង្គ្រាមនៅក្នុងប្រទេសយេម៉ែន ។ លោកបន្តទៀតថាគណៈកម្មការសភាអាមេរិកនឹងត្រួតពិនិត្យទៅលើរបាយការណ៍ របស់ក្រុមCIA ដែលបានបញ្ជាក់ថា រាជ្យទាយាទ សាលម៉ាន់ ជាអ្នកបញ្ជាសម្លាប់ដោយផ្ទាល់ ។ ក្រៅពីនេះនៅមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយ អារ៉ាប៊ី សាអូឌីត និងហិរញ្ញវត្ថុរបស់លោកត្រាំ។
លោកអាដាម ស្គីហ្វ គឺជាតំណាងរាស្រ្តសហរដ្ឋអាមេរិក បាននិយាយប្រាប់កាសែត Washington Postថា គណៈកម្មាធិការមួយនេះ នឹងស៊ើបអង្កេតលើការវាយតម្លៃរបស់ក្រុមចារកិច្ចសហរដ្ឋអាមេរិក លើការស្លាប់របស់លោកខាហ្សកជី ក៏ដូចជាសង្រ្គាមនៅប្រទេសយេម៉ែន ស្ថិរភាពនៃគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត និងទង្វើររបស់រាជាណាចក្រមួយនេះ មកលើក្រុមរិះគន់ ហើយនិងសារព័ត៌មាន នៅក្នុងចំណោមប្រធានបទជាច្រើនផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាន មិនទាន់ឆ្លើយតបនឹងការស្នើសុំធ្វើសេចក្តីអធិប្បាយជុំវិញ ការស៊ើបអង្កេតខាងលើនោះទេ។
សូមបញ្ជាក់ថា លោកស្គីហ្វ គឺជាមន្រ្តីដ៏កំពូលមួយរូបមកពីគណបក្សប្រជាធិបតេយ្យនោះ នឹងក្លាយជាប្រធានគណៈកម្មាធិការស៊ើបអង្កេតមួយនេះនៅខែមករាខាងមុខ ពេលដែលគណបក្សរបស់លោក គ្រប់គ្រងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បន្ទាប់ពីឈ្នះឆ្នោតពាក់កណ្តាលអាណត្តិ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែល មានព័ត៌មានផ្សាយថា ព្រះរាជ្យទាយាទ អារ៉ាប៊ី សាអូឌីត បានបញ្ចាឲ្យអគ្គរដ្ឋទូត ប្រចាំនៅអាមេរិក ធ្វើយ៉ាងណា ឲ្យបញ្ចប់ រឿងរ៉ាវ ពាក់ព័ន្ធនិងការធ្វើឃាតអ្នកសារព័ត៌មាន ៕
ដោយ៖ មែវ សាធី