ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នាទីស្តីការក្រសួងធនធានទឹក និងឧតុនិយមលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជួបប្រជុំជាមួយគណៈកម្មការទី៣រដ្ឋសភា ដែលមានលោក ប៉ុល ហម ជាប្រធានដើម្បីពិភាក្សាទៅលើវិស័យធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ ។
លោក ប៉ុល ហម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាបានមានប្រសាសន៍ថា នេះជាលើកទី២ដែលគណៈកម្មការទី៣រដ្ឋសភាបានជួបប្រជុំពិភាក្សាលើបញ្ហាធនធានទឹក វិស័យធារាសាស្ត្រដែលលើកទី១កន្លងទៅ ធ្លាប់ជួបពិភាក្សានៅវិមានរដ្ឋសភា ។ លោក ប៉ុល ហម បន្តថា រដ្ឋសភា កំពុងតែស្វែងយល់ដោយយកចិត្តទុកដាក់ពីការវិវឌ្ឍលើវិស័យធនធានទឹក ក៏ដូចប្រព័ន្ធធានាសាស្ត្រធំៗនៅក្នុងប្រទេសកម្ពុជា ។
លោកចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងជំនួបរវាងលោករដ្ឋមន្ត្រីជាមួយនឹងប្រធានគណៈកម្មការទី៣នៃរដ្ឋសភា លោករដ្ឋមន្ត្រីបានជម្រាបជូនទៅប្រធានគណៈកម្មការ និងអនុប្រធានអំពីការវិវឌ្ឍលើវិស័យធនធានទឹក ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ពីមុនយើងបានអភិវឌ្ឍន៍បានត្រឹមតែប្រព័ន្ធធារាសាស្ត្រលក្ខណៈតូចៗ ប៉ុន្តែក្នុងរយៈពេលពីពីរទៅបីអាណត្តិ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលស មកទល់នឹងពេលនេះយើងអាចមានលទ្ធភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបញ្ហាធារាសាស្ត្រខ្នាតធំៗដូចជាគម្រោងធារាសាស្ត្រវៃគោ ស្ថិតក្នុងខេត្តព្រៃវែង ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ។ ប្រព័ន្ធធារាសាស្ត្រកំហត១ កំហត២ ក្នុងខេត្តបាត់ដំបង គម្រោងស្ទឹងកែវនៅក្នុងខេត្តកំពតជាដើម ។
លោកចាន់ យុត្ថា បានបន្តថា លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនទៅគណៈកម្មការទី៣នៃរដ្ឋសភាថា ប្រព័ន្ធធារាសាស្ត្ររបស់យើងកំពុងគ្របដណ្តប់ទៅលើការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងកម្រិតខ្ពស់ ដែលមានទំហំ៥០ភាគរយ ត្រូវបានអភិវឌ្ឍន៍រួចរាល់ ។ ក្រៅពីនេះ ក្រសួងនឹងមានកិច្ចការងារបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាទឹកដល់ប្រជាកសិករ ទី១ គឺដោះស្រាយបញ្ហាទឹកនាំទៅឲ្យប្រជាកសិករបង្កបង្កើនផល ២ រក្សាទឹកទុក ។ បើទោះជាគម្រោងនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រមានការរីកចម្រើនក៏ដោយ យើងនៅតែមានការប្រឈមទៅនឹងបញ្ហារដូវទឹកភ្លៀង និងរដូវប្រាំង។ ប៉ុន្តែក្រសួងនឹងបន្តធ្វើកិច្ចការនេះ ដើម្បីសម្រេចជោគជ័យជូនប្រជាពលរដ្ឋ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅក្នុងជំនួបនេះផងដែរ គណៈកម្មការទី៣នៃរដ្ឋសភាក៏បានថ្លែងកោតសរសើរចំពោះលោករដ្ឋមន្ត្រី និងក្រុមប្រតិភូក្រសួងទាំងអស់ដែលបានខិតខំយ៉ាងល្អប្រសើរពីបញ្ហាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ និងបានលើកសំណូមពរមួយចំនួនអំពីបញ្ហារាំងស្ទះប្រភពទឹកដែលមាននៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលក្រុមហ៊ុនមួយចំនួនបានរារាំងបិទខ្ទប់ផ្លូវទឹកបណ្តាលឲ្យប្រជាពលរដ្ឋមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ។ ចំពោះបញ្ហានេះ លោករដ្ឋមន្ត្រីលឹម គានហោ បានទទួលយកសំណូមពរនេះ និងចាត់ក្រុមអ្នកបច្ចេកទេស ដែលមានលោករដ្ឋលេខាធិការ១រូប សម្រាប់ចុះទៅពិនិត្យធ្វើកិច្ចការនេះ តាមសំណូមពរតំណាងរាស្ត្រ និងគណៈកម្មការទី៣នៃរដ្ឋសភា ៕ សុខ ខេមរ៉ា
–
លោកលឹម គានហោ ដឹកនាំប្រតិភូក្រុមការងារក្រសួងប្រជុំពិភាក្សាជាមួយប្រធានគណៈកម្មការទី៣រដ្ឋសភាជាតិ
...