ភ្នំពេញ៖ល្ខោនខោលកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដំណឹងនេះបានធ្វើឲ្យប្រជាជនខ្មែររំភើបរកអ្វីប្រៀមមិនបាន ហើយដំណឹងដ៏សែនរីករាយនេះក៏បានធ្វើឲ្យគេនឹកឃើញដល់បំណងប្រាថ្នាធំមួយក្នុងជិវិតរបស់ព្រឹទ្ធាចារ្យ យិត សារិត សាស្ត្រាចារ្យផ្នែកល្ខោនខោលគ្រាដែលលោកនៅរស់រានមានជីវិត។
គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុម័តសម្រេច Decision13.Com.10.a.3 យល់ព្រមចុះ ល្ខោនខោល នៃព្រះរាជាណាចក្រកកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។នៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅ ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ជាផ្លូវការហើយ។សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ នេះគឺជាបំណងប្រាថ្នាដ៏ធំមួយរបស់ព្រឹទ្ធាចារ្យ យិត សារិត សាស្ត្រាចារ្យផ្នែកល្ខោនខោលគ្រាដែលលោកនៅរស់រានមានជីវិត ដែលលោកតែងតែពោលថា”ចង់ឃើញល្ខោនខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្រៅពីការបង្រៀនលោកសាស្ត្រាចារ្យ បានព្យាយាមស្រាវជ្រាវចងក្រងឯកសារនានាមួយចំនួនទុកឲ្យកូនខ្មែរជំនាន់ក្រោយបានអានសិក្សាស្រាវជ្រាវបន្ត។លោកសាស្ត្រាចារ្យផ្នែកល្ខោនខោលយិត សារិន មានវ័យ៩៣ឆ្នាំ បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៤ខែមីនាឆ្នាំ២០១៧ បន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំងដូចជាជំងឺលើសឈាម សួត និងថ្លើមជាដើម ។ មុនពេលទទួលមរណភាព លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវស្នាដៃសិល្បៈ ឯកសាស្រាវជ្រាវ និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈល្ខោនខោលជាច្រើន។
គួរបញ្ជាក់កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត៕
ដោយ វឌ្ឍនា