កម្ពុជាប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងរក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍

ចែករំលែក៖

ភ្នំពេញ៖អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)បានប្រារព្ធទិវាពិភពលោកប្រុទ្ធនឹងជំងឺអេដស៍ និងអបអរសាទរសមិទ្ធផលជាសាកលរបស់ខ្លួនដែលបានថែទាំគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍១លាននាក់ និងទាមទារជាសកល”រក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍”។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ២០១៨នៅមជ្ឈមណ្ឌល សន្និបាត និងពិរព័រណ៍កោះពេជ្រ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

ឆ្នាំនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីក្រើនរំលឹកដល់ថ្នាក់ដឹកនាំពិភពលោកនិងមហាជនទូទៅថាមេរោគអេដស៍មិនទាន់ទៅឆ្ងាយពីមនុស្សនៅឡើយទេខណៈដែលនៅមានមនុស្សប្រមាណជាង៩៤ម៉ឺននាក់បានស្លាប់និងជាង១,៨សែននាក់បានឆ្លងមេរោគអេដស៍នេះកាលពីឆ្នាំមុន។

លោកទេសរដ្ឋមន្រ្តីអៀងមូលីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍នៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍កាលពីចុងសប្តាហ៍ទៅថាទោះបីកម្ពុជាមានជោគជ័យច្រើនលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ក៏ពិតមែនប៉ុន្តែនៅមានបញ្ហាជាច្រើនទៀតដែលត្រូវបន្តដោះស្រាយអោយបានទាន់ពេលវេលាជាពិសេសការងារទប់ស្កាត់ការចម្លងថ្មីនៃមេរោគនេះ។នៅក្នុងព្រឹត្តិការណ៍នេះដែរក៏មានការចូលរួមពីបណ្តាអង្គការនានាដែលធ្វើការងារពាក់ព័ន្ធមេរោគអេដស៍និងជំងឺអេដស៍ដោយក្នុងនោះតំណាងនៃសង្គមស៊ីវលទាំងនោះបានបញ្ជាក់ថាបច្ចុប្បន្ននេះការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងជំងឺត្រូវបានកាត់បន្ថយច្រើន។

លោកវេជ្ជបណ្ឌិតឈឹមសារ៉ាត់នាយកប្រចាំតំបន់អាស៊ីនៃអង្គការAHF បានបញ្ជាក់ថាបច្ចុប្បន្នមានមនុស្សប្រមាណជា៦៧០០០នាក់នៅក្នុងប្រទេសកម្ពុជាកំពុងរស់នៅជាមួយមេរោគអេដស៍។លោកបន្តថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានមើលថែអ្នកជំងឺអេដស៍ប្រមាណ១លាននាក់ហើយនៅក្នុងបេសកកម្មរបស់ខ្លួន។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិបានបង្ហាញថាមនុស្សជាង៣៦លាននាក់កំពុង រស់ជាមួយមេរោគអេដស៍និងជំងឺអេដស៍នៅជុំវិញពិភពលោក។ហើយបច្ចុប្បន្ននេះមានអ្នកជំងឺរាប់លាននាក់កំពុងទទួលបានការសង្គ្រោះជីវិតដោយឱសថប្រឆាំងមេរោគអេដស៍ដោយប្រការនេះគឺទាមទារអោយថ្នាក់ដឹកនាំពិភព លោកនិងមនុស្សទូទាំងសាកលលោកត្រូវតែបន្តការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ទាំងអស់គ្នា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print