វាយប្រហារតាមដែនអាកាស នៅអាហ្វហ្គានីស្ថាន សម្លាប់ មេបញ្ជាការក្រុមតាលីបង់

ចែករំលែក៖

មេបញ្ជាការក្រុមតាលីបង់ ដែលអាមេរិក​តាមប្រម៉ាញ់ជាច្រើនឆ្នាំកន្លងមក នៅពេលនេះបានស្លាប់ហើយដោយការវាយប្រហារតាមដែនអាកាស ពីកម្លាំងទាហានអាមេរិក នៅអាហ្វាហ្គានីស្ថាន ។
ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា៖ មេបញ្ជាការ​ជាន់ខ្ពស់បំផុតមួយរូប របស់ក្រុមឧទ្ទាម តាលីបង់ ត្រូវបានសម្លាប់ ដោយសារការវាយប្រហារពីលើដែនអាកាស របស់ទាហានអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថាន ។
មេបញ្ជាការរបស់ក្រុមឧទ្ទាម​ម្នាក់នោះ ឈ្មោះ Mullah Abdul Manan Akhund គ្រប់គ្រងទាហានឧទ្ទាម​នៅភាគខាងត្បូងខេត្ត Helmand ។ មន្ត្រីក្នុងតំបន់និយាយថា គាត់​ត្រូវបានសម្លាប់ នៅក្នុងស្រុក Nawzad ខេត្ត Helmand កាលពីរាត្រីថ្ងៃសៅរ៍ សប្តាហ៍កន្លងទៅ ។
ក្រុមតាលីបង់និយាយថា នេះជាការបាត់បង់កដ៏ធំមួយរបស់ខ្លួន ។ ប៉ុន្តែទោះបីយ៉ាងណា វាមិន​បណ្តាលឲ្យប៉ះពាល់ដល់សកម្មភាពរបស់ពួកគេ ក្នុងគោលដៅដណ្តើមគ្រប់គ្រងវិញដែនដីភាគខាងត្បូងអាហ្វហ្គានីស្ថានឡើយ ។
សូមបញ្ជាក់ថា ខេត្ត Helmand ខាងលើនេះ កាលពីមុន ជាទីតាំងឈរជើងរបស់កងកម្លាំងអង់គ្លេសរយៈពេល៨ឆ្នាំ មុនពេលដកត្រឡប់ទៅវិញក្នុងឆ្នាំ២០១៤ ។ ផ្នែកជាច្រើននៃខេត្តមួយនេះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមតាលីបង់ ។
ការសិក្សាស្រាវជ្រាវ​ដើមឆ្នាំនេះបង្ហាញថា ពួកឧទ្ទាមតាលីបង់ បានគ្រប់គ្រងដែនដីភាគច្រើនជាងពេលណាទាំងអស់ តាំងឆ្នាំ២០១៤ ។ មនុស្សប្រមាណ១៥លាននាក់ ពាក់កណ្តាលនៃចំនួននេះ រស់នៅទីកន្លែងដែលកាន់កាប់គ្រប់គ្រងដោយពួកឧទ្ទាមតាលីបង់ ហើយដែលពួកគេបង្ហាញវត្តមានដោយបើកចំហរ ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានព្យាយាមណាស់ដែរដើម្បីបញ្ចុះបញ្ចូលពួកឧទ្ទាម​ដើម្បីចរចាសន្តិភាព បញ្ចប់ការវាយប្រហារ​ភេរវកម្ម ។ កាលពីខែមុន រដ្ឋាភិបាលបានបញ្ជូនគណៈប្រតិភូទៅប្រជុំពិភាក្សាបញ្ហានេះនៅប្រទេសរុស្ស៊ី ប៉ុន្តែគួរឲ្យសោកស្តាយ ក្រុមឧទ្ទាមបានច្រានចោល​សំណើ​ចរចាសន្តិភាពផ្ទាល់ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ៕

...

មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print