ភ្នំពេញ៖ វត្តមានតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈនៅកម្ពុជាដោយវិលរកការសម្តែងជាថ្មី បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ដៃគូដែលធ្លាប់សម្តែងរួមគ្នា អ្នកស្រី ចាន់ តារាទី បានរំលឹកអនុស្សាវរីយ៍ពីយុវវ័យមួយចំនួនដែលធ្វើឲ្យអ្នកនាងចងចាំតារាសម្តែងរូបនេះមិនភ្លេចទាំងការសិក្សា និងសម្តែងរួមគ្នា។
ការរំលឹកទាំងរឿងសប្បាយ និងទុក្ខរួមគ្នានេះធ្វើឡើងក្រោយពីអ្នកស្រី ចាន់ តារាទី បានឱកាសសម្តែងរួមគ្នាជាថ្មីជាមួយ លោក យស បូវណ្ណៈក្នុងភាពយន្តរឿង”លោកឪពុក”ដែលផលិតដោយផលិតកម្មមហាហង្ស។ អ្នកស្រីបញ្ជាក់ថា ធ្លាប់សម្តែងរួមគ្នាជាង២០ឆ្នាំមុន ហើយពេលនេះបានសម្តែងរួមគ្នាជាថ្មីគឺជាអ្វីដែលអ្នកស្រីស្រមៃចង់បានជាយូរមកហើយ។ អ្នកស្រីរំលឹកថា កាលពីអំឡុងឆ្នាំ១៩៧៩ លោក យស បូវណ្ណៈ គឺជាសិស្សផ្នែកល្ខោននិយាយជំនាន់ទី១ ហើយអ្នកស្រីបានចូលសិក្សាផ្នែកនេះនៅឆ្នាំ១៩៨១គឺជំនាន់ទី២។ អ្នកស្រីថាមានរឿងដែលអ្នកស្រីចងចាំមិនភ្លេចគឺការសិក្សារួមសាលា ការស្នាក់នៅក្នុងសាលា ទទួលទានអាហារ និងធ្វើការងារប្រចាំថ្ងៃរួមជាមួយសិស្សច្បង។ អ្នកស្រីសរសើរពីអត្តចរិកឬកពាលោក យស បូវណ្ណៈថាជាសិស្សច្បងដ៏គួរឲ្យគោរពស្រលាញ់ព្រោះតែលោកចេះជួយទុក្ខធុរៈ ជួយបង្ហាត់បង្ហាញ ជាមនុស្សគោរពពេលវេលា និងជាមនុស្សមានប្រជាប្រិយភាពនៅសាលារហូតសិស្សច្បងរូបនេះទទួលបានឱកាសចេញទៅបន្តការសិក្សានៅប្រទេសរុស្សី។ អ្នកស្រីបន្តថា កន្លងមកអ្នកស្រីធ្លាប់សម្តែងរួមគ្នាជាមួយលោក យស បូវណ្ណៈជាច្រើនរឿងចាប់តាំងពីឆ្នាំ១៩៨៧មកដូចជារឿង”ចង់ដឹងសាកមើលសិន”។ អ្នកស្រីថាកាន់តែរំភើបខ្លាំងគឺពេលនេះបានសម្តែងរួមគ្នាជាថ្មីក្រោយពីខកខានសម្តែងអស់ជាង២០មកហើយនោះ។ អ្នកស្រីថាអ្វីៗហាក់នៅចងចាំក្នុងចិត្តជានិច្ច និងបានគាស់រំលឹកអនុស្សាវរីយ៍ពីយុវវ័យរបស់អ្នកស្រីឲ្យកម្រើកឡើងវិញ។
សម្រាប់លោកយស បូវណ្ណៈវិញក៏ថ្លែងពីអារម្មណ៍នឹករលឹកដល់ដៃគូសម្តែងចាស់ អ្នកស្រី ចាន់ តារាទី ផងដែរ។ លោកថាជា ឱកាសដែលលោកតែងតែចង់បានជាយូរមកហើយ ដែលលោកក៏បាននឹកដល់អនុស្សាវរីយ៍ជាច្រើនរវាងលោក និងអ្នកស្រី ចាន់តារាទី និងសិល្បកររួមជំនាន់ដទៃទៀត។ លោកថានៅតែចងចាំមិនភ្លេចនូវអនុស្សាវរីយ៍រួមគ្នាជាពួកគាត់ បើទោះបីជាលោកបានចាកចេញពីទឹកដីកំណើតទៅរស់នៅសហរដ្ឋអាមេរិកជិត២០ឆ្នាំទៅហើយក៏ដោយ។ លោកថាជាញឹកញាប់លោកតែងចូលរួមគៀងគរសិល្បករចាស់ក្មេងឲ្យចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើនដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ និងបង្ហាញឲ្យកូនខ្មែររស់នៅក្រៅប្រទេសបានដឹងបានស្គាល់ អំពីតម្លៃសិល្បៈដែល។ លោករំពឹងថាការវិលមករកការសម្តែងជាថ្មីនឹងធ្វើឲ្យការរួមសាមគ្គីភាពគ្នារវាងសិល្បករជំនាន់មុន និងជំនាន់ក្រោយកាន់តែស្អិតរមួត និងអាចជួយបំពេញបំណងអ្នកគាំទ្រដែលសំណូមពរ និងចង់ឃើញលោកវិលរកការសម្តែងជាថ្មី៕
ដោយ វឌ្ឍនា