ភ្នំពេញ៖ បន្ទាប់ពីមានករណីប្លន់ សម្លាប់នៅចំណុចគល់ស្ពានលីយ៉ុងផាត់ ត្រើយខាងកើត កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បណ្ដាលឱ្យជនរងគ្រោះបាត់ខ្លួន រយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពស្លាប់យ៉ាងអាណោចអធ័មក្នុងប្រឡាយ ទឹក និងករណីប្រើកាំបិតប៉័ងតោកាប់ ប្លន់ម៉ូតូក្នុងភូមិសាស្ដ្រខណ្ឌដង្កោកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែរនោះ សមត្ថកិច្ចប្រដាប់អាវុធបានបើកយុទ្ធនាការស្រាវជ្រាវជាបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ រួមជាមួយចោរលួច ឆក់ យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ២ក្រុមផ្សេងទៀត សរុប៧នាក់ ។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥កម្លាំងអន្ដរាគមន៍និងកម្លាំងជំនាញមន្ទីរស្រាវជ្រាវយុត្ដិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ចំនួន៧នាក់ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះ៤នាក់បើករថ យន្ដដឹកផ្លែឈើដល់ចំណុចគល់ស្ពាន លីយ៉ុងផាត់ត្រើយខាងកើតក៏ឈប់រថយន្ដចុះបត់ជើង ។ ពេលនោះក្រុមជនសង្ស័យ មានគ្នា៧នាក់ដែលឈប់ចាំពួនស្ទាក់ប្លន់ដូចសព្វដងបានធ្វើសកម្មភាពប្រើដាវ កាំបិត ដុំថ្ម ភ្ជង់គំរាម និងដេញកាប់ជន រងគ្រោះប្លន់យកប្រាក់ទូរស័ព្ទដៃទំនើប និងគ្រឿងអលង្ការមួយចំនួនរួចនាំគ្នា ជិះម៉ូតូរត់ខ្លួនបាត់តែម្ដង ។
ក្នុងហេតុការណ៍នោះជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់បានបាត់ខ្លួនរយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពស្លាប់ យ៉ាងអាណោចអធ័មក្នុងប្រឡាយទឹក ។ រីឯ ករណីប្រើកាំបិតប៉័ងតោកាប់ប្លន់ម៉ូតូ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរបងផ្លូវចូលវត្ដធុតចម្ការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌ ដង្កោខណៈដែលជនរងគ្រោះ២នាក់កំពុងអង្គុយជជែកគ្នាលេងត្រូវបានអាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនសង្ស័យម្នាក់ក្នុង ចំណោម២នាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង ពីរក្រុមខាងលើនេះតែងតែប្រើដាវ កាំបិត ដុំថ្ម ដេញកាប់ និងគប់អ្នកដំណើរប្លន់ ជាច្រើនលើកច្រើនសារួចមកហើយ ។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញបាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅ ចំណុចផ្លូវលេខ១០៨ កែងផ្លូវលេខ៥១ សង្កាត់វត្ដភ្នំពាក់ព័ន្ធនឹងបទល្មើសឆក់ទូរស័ព្ទដៃពីជនបរទេសនៅចំណុចផ្លូវលេខ៥៣ កែងផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ខណៈដែលជនបរទេសនោះ កំពុងតែឈប់ម៉ូតូដើម្បីមើលGPSរក ទីកន្លែងដែលត្រូវធ្វើដំណើរ ។ នៅថ្ងៃ ដដែលកម្លាំងកងរាជអាវុធហត្ថខណ្ឌ ច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផ្សេងទៀតដែលជាចោរលួចយ៉ាងសកម្មនៅចំណុចភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីក្រុមនេះ បានលួចគាស់ផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងភូមិសាស្ដ្រ ខណ្ឌច្បារអំពៅ ។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវ បានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ រីឯបក្ខពួកដែល នៅសេសសល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញកំពុងតែកំណត់អត្ដសញ្ញាណតាម ចាប់យកមកផ្ដន្ទាទោសបន្ថែមទៀត ៕
ដោយ៖ ហេង នរិន្ទ្រ