អភិបាលស្រុកកូនមុំចាប់រថយន្ដបាកុងដឹកឈើប្រាំគ្រឿងរួចដោះលែងវិញសង្ស័យត្រូវរ៉ូវគ្នាទេដឹង?

ចែករំលែក៖

ខេត្តរតនគិរី៖ អាជ្ញាធរស្រុកកូនមុំកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨បានដឹកនាំកម្លាំងទៅស្ទាក់ចាប់រថយន្ដបាកុងដឹកឈើចំនួនប្រាំគ្រឿង ដែលមានដឹកម៉ាស៊ីនរ៉ៃផងដែរចេញពីទឹកដីខេត្ដស្ទឹងត្រែងបើកចូលមកស្រុកកូនមុំ រួចក៏មានការដោះលែងវិញសង្ស័យត្រូវរ៉ូវគ្នាដោយស្ងាត់ៗ។
ប្រភពពីមន្រ្ដីប៉ូលិសស្រុកកូនមុំបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨មានក្បួនរថយន្ដបាកុងចំនួនប្រាំគ្រឿងបានដឹកសម្ភារ:កែច្នៃឈើ បើកចេញពីភូមិសាស្រ្ដខេត្ដស្ទឹងត្រែង មកស្រុកកូនមុំតាមផ្លូវជាតិលេខ៧៨ឆ្លងកាត់ស្រុកលំផាត់ ខេត្តរតនគិរី ឆ្ពោះទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ប្រភពដដែលបានឲ្យដឹងទៀតថា៖ នៅម៉ោងប្រមាណជិតប្រាំបីយប់ថ្ងៃដដែលនោះក្បួនរថយន្ដបាកុងបានបើកទៅដល់ចំណុចភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំចំណែកកម្លាំងស្រុកដែលដឹកនាំដោយលោក សាយ ចំរើនអភិបាលរងស្រុកកូនមុំ ក៏បានទៅដល់រួចបើកការត្រួតពិនិត្យបានរកឃើញដែករ៉ៃចំនួនបួនខ្សែក្បាលម៉ាស៊ីនចំនួនពីរគ្រឿងនិងម៉ាស៊ីនត្រង់សឺន័រចំនួនពីរគ្រឿងផងដែរ។

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨លោក សាយ ចំរើនអភិបាលរងស្រុកកូនមុំ ដែលដឹកនាំកម្លាំងចុះទៅឃាត់ក្បូនរថយន្ដដូចខាងលើនោះបានបញ្ជាក់ប្រាប់សារព័ត៌មានឲ្យដឹងថា៖ រថយន្ដទាំងប្រាំនោះគឺត្រូវតែរឹបអូសយកទៅសាលាស្រុកកូនមុំដើម្បីបង្កសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅថ្ងៃដដែលនេះ ព្រោះរថយន្ដនោះមានផ្ទុកឧបករណ៍កែច្នៃឈើ។

លោកកែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបានប្រាប់សារព័ត៌មានឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៨នេះថា៖ ពាក់ព័ន្ធករណីឃាត់រថយន្ដចំនួនប្រាំគ្រឿងដូចខាងលើមកដល់ពេលនេះមិនទាន់ឃើញខាងស្រុកកូនមុំបញ្ជូនសំណុំរឿងនិងវត្ថុតាងនោះមកនៅឡើយទេ។
នៅថ្ងៃនេះដែរសារព័ត៌មានបានព្យាយាមសុំការបញ្ជាក់ពីលោកសេក ហៃ អភិបាលស្រុកកូនមុំ ជុំវិញរឿងឃាត់រថយន្ដបាកុងចំនួនប្រាំគ្រឿងដែលដឹកឧបករណ៍កែច្នៃឈើនោះប៉ុន្ដែលោកឆ្លើយយ៉ាងខ្លីថា៖ «ជាប់រវល់»។
នៅគ្រាបន្ទាប់នោះលោកសាយ ចំរើន អភិបាលរងស្រុកកូនមុំដែលចុះទៅឃាត់រថយន្ដនោះផ្ទាល់បានបញ្ជាក់ថា៖ ក្រោយពីត្រួតពិនិត្យរួចលោកបានបំពេញបែបបទ
បញ្ជូនឲ្យមេព្រៃខេត្ដរួចហើយឥឡូវបែរជាថាមិនឃើញរថយន្ដនោះទៅវិញ រឿងនេះមានតែអ្នកកាសែតទេជួយរកគ្នាផង…!!!!…។

មន្រ្តីប៉ូលិសបានបញ្ជាក់ថា៖ រថយន្ដចំនួនប្រាំគ្រឿងដែលខាងស្រុកកូនមុំបានឃាត់កាលពីយប់ថ្ងៃទី៨ខែធ្នូនោះគឺស្រុកបានសម្របសម្រួលដោះលែងវិញហើយក្រោយពីឃាត់បានមួយយប់។ ការដោះលែងនោះគេសង្ស័យថាអាជ្ញាធរស្រុកបានត្រូវរ៉ូវជាមួយម្ចាស់រថយន្ដនោះហើយមើលទៅ? ចាប់ដោះលែងៗ ជារឿងធម្មតារបស់អាជ្ញាធរស្រុកកូន នេះបានគេហៅថា៖ អាជ្ញាធរខ្លាំង ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print