មន្ត្រីទាំង៣រូបនោះ ឈ្មោះ Ryong Hae Choe, ឈ្មោះ Kyong Thaek Jong និងឈ្មោះ Kwang Ho Pak ។
គេនៅមិនទាន់ច្បាស់ទេ ថាការសម្រេចចិត្តដាក់ទណ្ឌកម្មមន្ត្រីកូរ៉េខាងជើងពីសំណាក់អាមេរិកពេលនេះ ពាក់ព័ន្ធជាមួយបញ្ហាការទូតស្តីអំពីអាវុធនុយក្លេអ៊ែរដែរ ឬយ៉ាណាឡើយ ខណៈដែលដំណើរការរីកចម្រើនទៅលើសំណុំរឿងនេះ ហាក់មានតិចតួចស្តួចស្តើង តាំងពីប្រធានាធិបតីដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជួបប្រជុំគ្នាកាលពីខែមិថុនា នៅប្រទេសសិង្ហបុរីនោះមកម្ល៉េះ ។
ទណ្ឌកម្មនោះមានរួមបញ្ចូលបង្កទ្រព្យសម្បត្តិ ឬធ្វើដំណើរចេញ ចូលទៅកាន់ទឹកដីអាមេរិកផងដែរ ។ ករណីនេះ កើតមានបន្ទាប់ពីក្រសួងការបរទេសអាមេរិកបានចេញរបាយការណ៍ប្រចាំ៦ខែម្តង ស្តីអំពីបញ្ហារំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ។
អមទៅដោយរបាយការណ៍ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Robert Palladino ថ្លែងថា «ការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង នៅតែស្ថិតក្នុងចំណុចដ៏អាក្រក់ក្នុងលោក, ក្នុងនោះមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ, បង្ខំឲ្យធ្វើពលកម្ម, ទារុណកម្ម, ឃុំឃាំងទាំងបំពានរយៈពេលយូរ, រំលោភ, បង្ខំឲ្យរំលូតកូន និងអំពើហិង្សាផ្លូវភេទ» ។
ការចោទប្រកាន់ស្តីពីការរំលោភសិទ្ធិមនុស្សនេះ កូរ៉េខាងជើងតែងតែច្រានចោលម្តងហើយម្តងទៀត និងបានបន្ទោសការដាក់ទណ្ឌចំពោះស្ថានភាពមនុស្សធម៌ ។ ទីក្រុងព្យុងយ៉ាងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ ទៅលើកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលបាលីស្ទិក ៕