ប្រធានាធិបតីបារាំង ជំរុញបណ្តាក្រុមហ៊ុន លើកទឹកចិត្តដល់ ពលករ ដើម្បីបញ្ចប់ ការតវ៉ា

ចែករំលែក៖

ទីក្រុងប៉ារីស៖ បាតុកម្មនៅក្នុងប្រទេសបារាំង​ ប្រឆាំងនិងតម្លៃពន្ធប្រេងឡើងថ្លៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់​ ដោយបាតុកម្មបានប្រែក្លាយទៅជាអំពើហឹង្សា ហើយបាតុករ រាប់ពាន់នាក់ត្រូវបានចាប់ខ្លួន​។
កាលពីថ្ងៃទី​១០ខែធ្នូ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឲ្យក្រុមហ៊ុនទាំងឡាយនៅក្នុងប្រទេសនេះ បើកប្រាក់បន្ថែមដំណាច់ឆ្នាំឲ្យដល់បុគ្គលិករបស់ខ្លួន ខណៈដែលប្រាក់ពន្ធបន្ថែមម៉ោងត្រូវបានកាត់ផ្តាច់ហើយនោះ ដើម្បីធ្វើឲ្យស្ថានការណ៍វិបត្តិនៅក្នុងប្រទេសនេះដោយសារតែ ក្រុមបាតុករអាវកាក់ពណ៌លឿងនោះ ថយកម្តៅចុះមកវិញ ។

ថ្លែងតាមបណ្តាញទូរទស្សន៍ និងវិទ្យុ លោកម៉ាក្រុង បញ្ជាក់ថា ប្រទេសនេះ បានពើបប្រទះនូវការដង្ហែក្បួនបាតុកម្មហិង្សាជាប្រវត្តិសាស្ត្រ ហើយគាត់ក៏មានចំណែកនៅក្នុងការទទួលខុសត្រូវចំពោះបញ្ហានេះដែរ ។ បាតុករទាំងនេះ គឺជាការបញ្ចេញមតិតាមទីសាធារណៈរយៈពេលជាងមួយសប្តាហ៍ដំបូងគេនៅបារាំង ។

សូមបញ្ជាក់ថាលោក ម៉ាក្រុង បានទទួលសំឡេងគាំទ្រលើសលប់ក្លាយជាប្រធានាធិបតីបារាំង ក្នុងអាណត្តិ៥ឆ្នាំ ដោយពុំមានការបោះឆ្នោតពាក់កណ្តាលអាណត្តិអ្វីឡើយ ។ មហិច្ឆតារបស់លោកដើម្បីបន្តតំណែងនៅអាណត្តិខាងមុខទៀត តាមគម្រោងកែទម្រង់លើកម្មវិធីដំឡើងពន្ធនោះ បែរជាទទួលបានការខឹងសម្បារពីសំណាក់ពលរដ្ឋទៅវិញ រហូតបណ្តាលឲ្យមានរលកបាតុកម្មហិង្សាបែបនេះ ។
នៅពេលនេះដែរ បារាំង បានស្នើរដល់បណ្តាប្រទេស មួយចំនួនកុំលូកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់បារាំង ។ ការលើកឡើងបែបនេះក្រោយពេលមានព័ត៌មានបានផ្សាយថា រុស្ស៊ីកំពុងតែលូកដៃចូលក្នុងវិបត្តិនៅបារាំង ។
ព្រឹត្តិការណ៍​បាតុកម្ម​អាវកាក់លឿង និង​អំពើហិង្សា​កន្លង​មក​កំពុង​ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​បាន​ក្លាយ​ជា​ឧបករណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​ខ្លះ។ ទង្វើ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុង​ប៉ារីស​មិន​សប្បាយចិត្ត និង​បាន​ស្នើ​ប្រទេស​មួយ​ចំនួន​កុំ​ឲ្យ​លូកដៃ​រឿង​ផ្ទៃក្នុង​របស់​បារាំង។
អ្នក​ដែល​បាន​ឈឺ​ឆ្អាល និង​ហាក់​បាន​ឆ្លៀត​កេងចំណេញ​ពី​ព្រឹត្តិការណ៍​បាតុកម្ម​របស់​ពួក​អាវកាក់លឿង​ក្នុង​ប្រទេស​បារាំង​ពេល​នេះ គឺ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ក្នុង​បណ្តាញសង្គម Tweeter លោក​ត្រាំ​បាន​សរសេរ​ចាប់​អារម្មណ៍​នឹង​បាតុកម្ម​ ​ថា ជា​ថ្ងៃ និង​ជា​យប់​ដ៏​ទុក្ខព្រួយ។ ផ្តើម​ពី​ព្រឹត្តិការណ៍​មួយ​នេះ លោក​ត្រាំ​បាន​ឈាន​ទៅ​និយាយ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ​ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ។ « ប្រហែល​ជា​ល្មម​ដល់​ពេល​ដែល​ត្រូវ​លុបចោល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​គួរ​ឲ្យ​អស់​សំណើច ហើយ​ប្រគល់​លុយ​ទៅ​ឲ្យ​ពលរដ្ឋ​ដោយ​កាត់​បន្ថយ​ការ​បង់​ពន្ធ » នេះ​ជា​ឃ្លា​ដែល​សរសេរ​ចំអក​ដោយ​លោក​ដូណាល់ ត្រាំ។

ពាក្យ​មួយ​ឃ្លា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុង​ប៉ារីស​ក្តៅ​ស្លឹកត្រចៀក​ដោយ​ប្រមុខ​ការទូត​បារាំង​លោក Jean-Yves Le Drian បាន​បញ្ចេញ​ប្រតិកម្ម​ទាមទារ​ឲ្យ​លោក​ត្រាំ​កុំ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​បារាំង។ « យើង​មិន​បាន​លូកដៃ​ចូល​រឿង​ផ្ទៃក្នុង​អាមេរិកាំង​ទេ ទុក​ឲ្យ​យើង​រស់នៅ​ជាមួយ​នឹង​ជីវិតជាតិ​របស់​យើង » នេះ​ជា​ការ​ថ្លែង​របស់​លោក Jean-Yves Le Drian។ ពី​ប្រទេស​តួកគី លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បាន​បញ្ជាក់​ជា​ទូទៅ​ថា ភាព​អនាធិបតេយ្យ​កំពុង​សោយរាជ្យ​នៅ​តាម​ផ្លូវ​ជា​ច្រើន​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ដោយ​ចាប់​ផ្តើម​នៅ​ទីក្រុង​ប៉ារីស។ « ចំពោះ​ខ្ញុំ លោក​ម៉ាក្រុង​មិនមែន​ជា​បញ្ហា​ទេ គឺ​ជា​បញ្ហា​របស់​ពលរដ្ឋ​បារាំង » នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​មហាផ្ទៃ​អ៊ីតាលី​លោក Matteo Salvini ដែល​បាន​ចាត់​ទុក​ការ​ងើប​បះបោរ​របស់​ពួក​អាវកកាក់លឿង​ពេល​នេះ​ជា​ការ​បរាជ័យ​របស់​នយោបាយ​អឺរ៉ុប។

ក្រៅ​ពី​ប្រតិកម្ម​របស់​លោក Jean-Yves Le Drian ក៏​មាន​ប្រតិកម្ម​ពី​រដ្ឋមន្រ្តី​សុខាភិបាល​បារាំង​លោកស្រី Buzyn។ លោកស្រី Buzynបាន​រិះគន់ ទិតៀន​លើ​ចំណាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ​បរទេស​ខ្លះ​ដែល​មាន​លក្ខណៈ​លូកដៃ​ក្នុង​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​បារាំង។ ក្រៅ​ពី​ចំណាប់​អារម្មណ៍​របស់​ថ្នាក់ដឹកនាំ​នយោបាយ​បរទេស ព្រឹត្តិការណ៍​បាតុកម្ម​អាវកាក់លឿង​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ដែរ ហើយ​ពេល​ខ្លះ ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ខុស​ពី​ការ​ពិត។ ស្ថាប័ន​សន្តិសុខបារាំង​កំពុង​តាម​ដាន​ពិនិត្យ​លើ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​មួយ​ចំនួន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print