មនុស្ស៣នាក់ រងរបួសធ្ងន់ដោយសារគោយន្តកែច្នៃក្រឡាប់ធ្លាក់ចេញពីផ្លូវដោយខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរីៈ គោយន្តកែច្នៃមួយគ្រឿងក្រឡាប់ដោយខ្លួនឯងបណ្ដាលឲ្យមនុស្សចំនួន៣នាក់ ដែលជិះលើគោយន្តនោះ រងរបួសយ៉ាងធ្ងន់ធ្ងរ។

គ្រោះថ្នាក់គោយន្តកែឆ្នៃក្រឡាប់ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ត្រង់ចំណុចភ្នំកាច់ចង្កេះស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាហេតុការណ៍គោយន្តកែឆ្នៃក្រឡាប់នេះ ដំបូងឡើយគេ​ឃើញ​បើកបរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយ​សារ​អ្នកបើ​កបរខ្វះការប្រុងប្រយ័ត្ន និងគាប់ជួនមានបញ្ហាហ្រ្វាំងផងនោះក៏បណ្ដាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ចេញពីផ្លូវតែម្ដង។

ក្នុងហេតុការណ៍នោះអ្នកបើ​កបរគោយន្តឈ្មោះ រិន បញ្ញារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី (រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង)។

អ្នករួមដំណើទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅដូចគ្នា (រងរបួសធ្ងន់សន្លប់ធំ)។

ទី២ ឈ្មោះនាង ឆេង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅដូចគ្នា(រងរបួសធ្ងន់ត្រង់ភ្លៅខាងស្តាំ)។ អ្នករងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយកើតហេតុគោយន្តកែច្នៃដែលក្រឡាប់ខាងលើនេះ ត្រូវបានក្រុមគ្រួសារស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ ដោយ​ ជីវន្ត័

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print