ផឹក​ភេសជ្ជៈ ខារ៉ាបាវ​ បណ្តាលឲ្យស្លាប់ម្នាក់??

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​វ័យ​៥០ឆ្នាំ​ មានជំងឺសសៃប្រសាទ ប្រចាំកាយម្នាក់​ នឹង​ជាអ្នក​រុញរទេះ​លក់លៀសហាល ​បានស្លាប់ចោលប្រពន្ធកូនក្រោយពេលមកពីជួយធ្វើស្រែម្តាយ​ក្មេកនៅឯស្រុក​ ហើយ​​មាន​អការមិន​សូវ​ស្រួល​ខ្លួន​រួចបានផឹក​ភេសជ្ជៈ​ខារ៉ាបាវ​អស់​មួយ​កំប៉ុង​ ។

ហេតុការណ៍នេះ បានបង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើលឡើង​កាល​ពី​ម៉ោងរំលង​​​អធ្រាត្រ ​ឈានចូលថ្ងៃ​សុក្រ ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៨ ​ត្រង់ចំណុច​ផ្ទះ​លេខ​១៨៣​ ផ្លូវ​លំ​ ភូមិ​រោង​ចក្រ​ សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

សពបុរស​រងគ្រោះ​មាន​ ឈ្មោះ កៃ ប៉ាន់ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកលក់លៀសហាល​ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិ ក្រាំងល្វា ឃុំតាម៉ងជ្រុំ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ហ៊ុន ជេស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលក់លៀសហាល​ ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត ភូមិពិល ឃុំមានជ័យ ស្រុករំដួល ខេត្តស្វាយរៀង មានកូន៥នាក់ ស្លាប់៤នាក់នៅសល់កូនស្រីម្នាក់ មានឈ្មោះ ប៉ាន់ កញ្ញា អាយុ១៣ឆ្នាំ មុខរបរសិស្ស។

បើតាមសម្តីស្ត្រីជាប្រពន្ធ​បាន​ឲ្យដឹងថា កាលពីមុនពេលកើតហេតុ​ ប្តីរបស់គាត់បានទៅជួយធ្វើស្រែម្តាយក្មេក​នៅខេត្តស្វាយរៀងពេលត្រឡប់មកវិញ យប់កើតហេតុប្តី​ក៏ទារហូប​ភេសជ្ជៈ​ខារ៉ាបាវ​ ក្រែងអាច​មាន​កម្លាំង​បន្តិច​។

បន្ទាប់​មក គាត់​ជាប្រពន្ធ​ក៏ទៅទិញ​ភេសជ្ជៈ​ខារ៉ាបាវ​ ឲ្យប្តី​ហូប​ ហើយមួយសន្ទុះក្រោយមក​ ប្តី​ក៏បាន​ទារ​ហូប​ភេសជ្ជៈ​ខារ៉ាបាវ​ មួយ​កំប៉ុង​ទៀត​ ដោយ​និយាយ​ថា ​”មុននឹងស្លាប់​ផឹកឲ្យឆ្អែត​ ព្រោះគេមកយកគាត់ ហើយគាត់មិននៅទេ”​។​ ប៉ុន្តែ​ពេលនោះ ប្រពន្ធ​មិនព្រមឲ្យហូបនោះទេ​ ព្រោះដឹងថា ​ប្តី​មានសភាព​ខ្សោយ​ខ្លាំងពេក​ ខ្លាចមានបញ្ហា​។​ រួចមក​គាត់ក៏ដេញប្តី​ឲ្យទៅសម្ងំដេក​ តែប្តីនៅតែនិយាយ​ប្លែក​ៗ​ខុសពីធម្មតា​ មួយសន្ទុះក្រោយមក​ប្តី​ក៏​ព្រមចូលទៅសម្ងំដេកនៅក្នុងផ្ទះបាត់ទៅ ។

លុះដល់ពេលកើត​ហេតុ គាត់ (ប្រពន្ធ) ក៏បានចូលទៅមើលប្តីដេកនៅខាងក្នុង​ផ្ទះ​ ​ពេលចូលទៅដល់​ ស្រាប់តែ​ឃើញ​ប្ដីដេកបាត់មាត់បាត់ក ​។ ភ្លាមៗនោះ គាត់ក៏ស្រែក​ឆោឡោ​ ឲ្យគេឯងជួយ​ ហើយក៏មានប្រជាពលរដ្ឋមកជួយលើក និងបានជួយ​ហៅម៉ូតូកង់បី មកដឹកប្តីគាត់ទៅមន្ទីរពេទ្យ​ ជាអកុសល​ ប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ប្រាប់ថា​ ប្តី​របស់គាត់គឺមានជំងឺសសៃប្រសាទ និងជំងឺខ្វះជាតិស្ករប្រចាំកាយ​ជាយូរឆ្នាំមកហើយ​ គាត់តែងតែទៅបើកថ្នាំលេបនៅមន្ទីរពេទ្យមិត្តភាពមកម្ពុជា​សូវៀត​ជារៀងរាល់ខែ ហើយកន្លែងដែលគាត់រស់នៅ​​ ដោយម្ចាស់ផ្ទះមានចិត្តអាណិត​ ព្រម​ឲ្យស្នាក់នៅ ដោយមិនយកលុយនោះទេ​។

បន្ទាប់ពី​កើត​ហេតុ​ សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះ​មកពិនិត្យដល់កន្លែង​កើត​ហេតុ​ ហើយដោយមិនមានការប្តឹងផ្តល់​សមត្ថកិច្ច​ក៏​ធ្វើលិខិត​ស្នាម​ប្រគល់​សពឲ្យក្រុមគ្រួសារដឹងយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯ​ស្រុក​កំណើត​៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print